តេក្វាន់ដូ ITF ទទួលបានផ្លែផ្កា ក្រោយប្រកួតជើងឯកថ្នាក់ជាតិ រយៈពេល ៤ថ្ងៃ

មាស សុផាណារ៉ុង December 2, 2019


 

ភ្នំពេញ៖ បន្ទាប់ពីធ្វើការប្រកួតប្រជែង គ្នាអស់រយៈ ៤ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក៏បានរកឃើញកីឡាករ កីឡាការិនី ថ្នាល និងយុវជន ដែលមានទេព្យកោល្យល្អជាច្រើនទទួលបានជ័យលាភី។

ព្រឹត្តិការណ៍ដែលរៀបចំពិធីបិទកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ នេះមាន ៤វិញ្ញាសាធំៗ ទី១ វិញ្ញាសាមេគុន ទី២ វិញ្ញាសាបច្ចេកទេសពិសេស ទី៣ វិញ្ញាសាសម្ដែងបច្ចេកទេសការពារខ្លួនជាក្រុម និងទី៤ វិញ្ញាសាប្រយុទ្ធ។ ដែលមានកីឡាករចូលរួមចំនួន ១០១នាក់ កីឡាការិនី ៦១នាក់ មកពី ១៨ក្លិបទូទាំងប្រទេស។

ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងនៅក្នុងពិធីបិទកាលពីព្រឹកមិញនេះថា៖ «ឆ្លងតាមរយៈការចូលរួមពេលប្រកួតកន្លងមកពិនិត្យឃើញថា កីឡាករ កីឡាការិនី មានការរីកចម្រើនទាំងផ្នែកបច្ចេកទេស បរិមាណ មានការគោរពវិន័យនៃការប្រកួតបានល្អ និងមានកិច្ចសហការល្អ និងមានសាមគ្គីភាព មិត្តភាពក្លិបនិងក្លិប កីឡាករ និងកីឡាករបានល្អ។»

លោកបន្តថា៖ «រាល់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ កីឡាករទាំងអស់ត្រូវកំណត់គោលដៅថា តើពួកគេមកទីនេះដើម្បីអ្វី? ព្រោះការកំណត់គោលដៅជាចលករជួយជំរុញទឹកចិត្តប្រយុទ្ធកាន់តែខ្លាំង។ បើកីឡាករទាំងអស់គ្មានការជឿជាក់ និងគ្មានការកំណត់គោលដៅច្បាស់លាស់នោះទេ គឺមិនអាចទទួលបានជោគជ័យនោះឡើយ។»

អគ្គលេខាធិការរូបនេះបន្តទៀតថា មានអ្នកខ្លះមានដៃ ជើងលឿនណាស់ តែគាត់នៅតែទទួលបរាជ័យ ដូច្នេះអ្វីដែលសំខាន់បំផុតគឺស្មារតី។ បើកីឡាករម្នាក់ចង់ឈ្នះក្នុងការប្រកួតអ្វីមួយក្រៅពីហ្វឹកហាត់កាយសម្បទា គឹត្រូវហ្វឹកហាត់ស្មារតីក្នុងការប្រយុទ្ធ។

ជាមួយគ្នានេះផងដែរសម្រាប់លទ្ធផលនៅក្នុងឆ្នាំ២០១៩ នេះ ចំណាត់ថ្នាក់លេខ១ បានទៅ ក្លិបមកពីខេត្តប៉ៃលិន ដែលទទួលបានមេដាយ មាស៥ ប្រាក់១ និងសំរិទ្ធ៤។ ចំណាត់ថ្នាក់លេខ២ បានទៅក្លិប សសយក ខេត្តកំពង់ស្ពឺ ដែលទទួលបានមេដាយមាស៣ ប្រាក់៤ និង សំរិទ្ធ១ និងចំណាក់ថ្នាក់លេខ៣ បានទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានមេដាយមាស៣ ប្រាក់២ និងសំរិទ្ធ៥៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់