NOCC ថ្លែងការអរគុណបុរសជនជាតិសិង្ហបុរី សំរាប់ការជួយឧបត្តម្ភដល់ចលនាអូឡាំពិកកម្ពុជា

មាស សុផាណារ៉ុង November 29, 2019


 

ភ្នំពេញ៖ លោក Tang Gordon ប្រធានក្រុមហ៊ុន American Pacific International Capital និងជានាយកក្រុមហ៊ុន Sing Haiyi Group នៅក្រៅប្រទេស បានក្លាយជាបុរសទី១ នៅក្នុងប្រទេសកម្ពុជា ដែលបានចំណាយថវិការផ្ទាល់ខ្លួនយ៉ាងច្រើនជួយឧបត្តម្ភដល់ចលនាអូឡាំពិកកម្ពុជា អស់រយៈពេលជាង ៣ឆ្នាំមកហើយ ក្នុងគោលបំណងចង់ឃើញវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនខ្លាំងដូចប្រទេសចិន និងសឹង្ហបុរី។

លោក Tang Gordon ដែលបច្ចុប្បន្នគេស្គាល់ថាជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ( NOCC ) បានចូលរួមចំណែកយ៉ាងធំក្នុងសកម្មភាពរបស់ NOCC ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងបង្កើនសកម្មភាពក្នុងការរៀបចំជាព្រឹត្តិការណ៍ធំ និងការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធជាម្ចាស់ផ្ទះផងដែរ។

រយៈពេលជាង ២ទៅ៣ឆ្នាំ មកនេះ គាត់បានជួយជាថវិកាប្រចាំឆ្នាំ NOCC លើសកម្មភាពពង្រឹងអភិបារកិច្ចល្អ និង សកម្មភាពសំខាន់ៗរបស់ NOCC។ ដោយក្នុងនោះគាត់បានជួយជា កុំព្យូទ័រយួរដៃ ចំនួន ៤០គ្រឿង ដែលមានតម្លៃស្មើនឹង ៣៦,០០០ដុល្លារអាមេរិក ជូនទៅសហព័ន្ធកីឡាជាតិ ដើម្បីពង្រឹងផ្នែកការងាររដ្ឋបាល តាមសហព័ន្ធនីមួយៗ ឲ្យកាន់តែមានភាពងាយស្រួល ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏បានជួយដល់មន្ត្រីនៃគណៈកម្មាធិការជាតិអូឡាំពិកផងដែរ ក្រៅពីនោះលោកក៏បានជួយដល់ការអភិវឌ្ឍន៍ជំនាញកីឡា។

លោក Tang Gordon មិនត្រឹមតែបានជួយដល់សហព័ន្ធជាតិប៉ុណ្ណោះទេ លោកក៏ធ្លាប់បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីកីឡាស៊ីហ្គេម ឆ្នាំ២០១៧ ផងដែរក្នុងចំនួនទឹកប្រាក់សរុប ២៥,៥០០ដុល្លារអាមេរិក ហើយកាលពីឆ្នាំ២០១៨ លោកក៏បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ ម្ចាស់ជ័យលាភីប្រចាំទ្វីបអាស៊ី ដោយផ្ដល់ជូនមេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០ដុល្លារ មេដាយប្រាក់ ៥,០០០ដុល្លារ និងមេដាយសំរឹទ្ធ ៣,០០០ដុល្លារ។

ម្យ៉ាងទៀតនៅឆ្នាំ២០១៩ នេះ អតីតកីឡាករជិះទូកក្តោង ដ៏ល្បីល្បាញរបស់ប្រទេសសិង្ហបុរីរូបនេះក៏បាន ជួយដល់ការអភិវឌ្ឍន៍កីឡាកម្ពុជា ដើម្បីត្រៀមស៊ីហ្គេមចុងឆ្នាំនេះផងដែរ។ ដោយលោកបានជួយបណ្ដុះបណ្ដាលដល់សហព័ន្ធកីឡាកាយសម្ព័ន្ធ សហព័ន្ធកីឡាចំបាប់ និងសហព័ន្ធកីឡាទូកក្ដោង ក្នុងការចេញទៅធ្វើការហ្វឹកហាត់ប្រទេសចិន ដើម្បីស្វែងរកនូវការរីកចម្រើនបច្ចេកទេស សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ អោយទទួលបានជោគជ័យ។

អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ ប្រាប់ថា៖ «ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជា សហព័ន្ធកីឡាជាតិ ដែលគាត់បានជួយ ក៏សូមថ្លែងអំណអរគុណ ដល់ការខិតខំលះបង់ធនធានទ្រព្យសម្បិត្តរបស់គាត់ក្នុងការផ្ដល់អោយអភិវឌ្ឍន៍កីឡាជំនាញបច្ចេកទេស ឲ្យហ្វឹកហាត់មានលក្ខណៈស្ដង់ដាល្អ និងរីកចម្រើនល្អ មានគ្រូ មានដៃគូល្អៗនៅស្រុកចិន ធ្វើឱ្យបទពិសោធន៍នេះកាន់តែមានភាពរឹងមាំល្អប្រសើរឡើង។ សូមអរគុណក្នុងការជួយឧបត្តម្ភនេះ ហើយអ្វីដែលបានលះបង់នេះគឺពិតជាបានរួមចំណែកកសាងកីឡាជាតិរបស់យើងខ្លាំងមែនទែន។»

លោកបន្តថា៖ «ម្យ៉ាងទៀតវាក៏ជាគំរូដ៏ល្អមួយ ដល់អ្នកមានលទ្ធភាពទាំងអស់ដែលអាចជួយដល់ចលនាអូឡាំពិក និងដល់វិស័យកីឡាជាតិ ឲ្យមកជួយកសាងសង្គមជាតិយើងឲ្យមាន ការរស់នៅប្រកបដោយថាមពល និងសុខភាពល្អ ក៏ដូចជាកសាងកេរិ៍្តឈ្មោះ និងឧត្តមភាពវិស័យកីឡានៅលើឆាកអន្តរជាតិ។ ចឹងគំរូនេះគឺជា បែបផែននៃគំរូសប្បុរសធម៌ដល់ល្អមួយសម្រាប់ជាការក្រើនរំលឹកដល់អ្នកមានលទ្ធភាព អោយជួយគាំទ្របន្ថែម។»

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់