ព្យុះមួយកំពុងធ្វើដំណើរទៅប្រទេសហ្វីលីពីន ស្របពេលពិធីបើកស៊ីហ្គេម ជាផ្លូវការកាន់តែកៀកមកដល់

មាស សុផាណារ៉ុង November 29, 2019


 

ម៉ានីល៖ ការិយាល័យអាកាសធាតុរបស់ហ្វីលីពីន បាននិយាយកាលពីថ្ងៃសុក្រថា ព្យុះទីហ្វុងមួយកំពុងកៀកនឹងទីតាំងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ខណៈពិធីបើកជាផ្លូវការ កាន់តែកៀកមកដល់ឆាប់ៗនេះ។ នេះបើយោងតាមសារព័ត៌មានហ្វីលីពីន news.abs-cbn.com។

សេចក្ដីរាយការណ៍ដដែលបានឲ្យដឹងថា ខ្យល់ដែលមានល្បឿន ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង នេះត្រូវបានគេឲ្យឈ្មោះថា «Kammuri» និងត្រូវបានគេរំពឹងថា នឹងបោកបក់ចូលទីក្រុងម៉ានីល នៅថ្ងៃអាទិត្យ ពោលគឺមួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ បើកជាផ្លូវការ នៅយប់ថ្ងៃសោរ៍ ហើយដែលនឹងអាចប្រែក្លាយជាព្យុះទីហ្វុង នៅសប្តាហ៍ក្រោយ។

ព័ត៌មាននេះគឺប្រៀបបីដូចជា បន្ថែមបន្ទុកបន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន ដែលទើបតែរង្គោះរង្គើរួចទៅហើយដោយមានបញ្ហាចម្រូងចម្រាសលើបញ្ហាបដិសណ្ឋារកិច្ច លើការដឹកជញ្ជូន, ការស្នាក់នៅ និងកង្វះខាតអាហារ សម្រាប់អត្តពលិក ជាដើម។

ជាមួយគ្នានេះ សារព័ត៌មានម៉ាឡេស៊ី ( New strait times ) ក៏បានចុះផ្សាយផងដែរ ដោយបានស្រង់សម្ដីនាយបេសកកម្មម៉ាឡេស៊ី សម្រាប់ស៊ីហ្គេម នៅប្រទេសហ្វីលីពីន លោក Datuk Megat Zulkarnain Omardin ថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមហ្វីលីពីន (PHISGOC) បានជូនដំណឹងដល់បណ្តាប្រទេសដែលចូលរួមប្រកួត អំពីលទ្ធភាពនៃព្យុះទីហ្វុង ដែលអាចនឹងប៉ះពាល់ដល់ការប្រកួតកីឡាស៊ីហ្គេម ផងដែរ។

«PHISGOC បានជូនដំណឹងដល់យើងអំពីលទ្ធភាពនៃព្យុះទីហ្វុង ដែលអាចនឹងកើតឡើង ចាប់តាំងពីចុងឆ្នាំមុនមកម្លេះ។ ក្រុមដទៃទៀតក៏ត្រូវបានគេប្រាប់ឲ្យដឹងផងដែរ។» លោក Zulkarnain បញ្ជាក់។

លោកបានបន្តថា៖ «យើងមិនបានជូនដំណឹងដល់អត្តពលិកមុនទេ ពីព្រោះយើងមិនចង់ឲ្យពួកគេមានការភ័យក្លាច ពីព្រោះមានលទ្ធភាពព្យុះទីហ្វុងអាចឆ្លងកាត់បាន។ ជាអកុសលអាកាសធាតុនេះមិនអាចគ្រប់គ្រងបានឡើយ។ PHISGOC បានបញ្ជាក់ថាពួកគេមាន ( ផែនការ B ) ប្រសិនបើបាតុភូតអាកាសធាតុនៅតែប៉ះពាល់ដល់ការប្រកួត។ ពួកគេបានរៀបចំផែនការយថាភាព ដែលអាចមានទីតាំងប្រកួតកីឡាមួយចំនួននឹងត្រូវផ្លាស់ប្តូរ ទៅប្រកួតនៅទីតាំងផ្សេងទៀត ដែលពួកគេបានកំណត់រួចហើយ។ មានតែព្រឹត្តិការណ៍ប្រកួតខាងក្រៅទេដែលនឹងត្រូវផ្លាស់ប្តូរ សម្រាប់កីឡាក្នុងសាល នឹងមិនរងផលប៉ះពាល់ខ្លាំងនោះទេ។»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ពិធីបើកផ្លូវការ ហើយនឹងបញ្ចប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយនេះក៏ជាលើកទី៤ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នេះ ធ្វើឡើងក្រោមបាវចនា «យើងឈ្នះជារួម – We Win As One» ជាមួយនឹងកីឡាដែលដាក់ឲ្យប្រកួតមានចំនួន ៥៦ប្រភេទ លើ ៥២៩វិញ្ញាសា នឹងមានអត្តពលិកចូលរួមចំនួនប្រមាណ ៩,៨៤០នាក់៕

 

រូបភាព៖ NSTP/OSMAN ADNAN

ប្រភព៖ news.abs-cbn.com | nst.com.my

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់