ប្រណាំងម៉ូតូ លើវាលរាបលើកទី៤ «Total Cup Race» នឹងធ្វើនៅបាត់ដំបង

មាស សុផាណារ៉ុង November 29, 2019


 

ភ្នំពេញ៖ ទីភ្នាក់ងាររៀបចំការប្រកួតយានយន្តកម្ពុជា សហការជាមួយ សហព័ន្ធកីឡាយានយន្តកម្ពុជា នឹងរៀបចំការប្រកួតប្រណាំងម៉ូតូលើវាលរាបលើកទី៤ «Total Cup Race» នៅអាកាសយាន្តដ្ឋានខេត្តបាត់ដំបង គឺជាកម្មវិធីប្រណាំងម៉ូតូដ៏អស្ចារ្យប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០១៩ នេះ។

ក្នុងសន្និសីទកាសែតនាថ្ងៃល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក លោក ពៅ កិចឡេង អគ្គនាយកទីភ្នាក់ងាររៀបចំការប្រកួតយានយន្តកម្ពុជា (KARA) មានប្រសាសន៍ថា៖ «ផ្លូវនៃការប្រណាំងមានលក្ខណៈកោង កែង ដែលគ្រប់គ្រងដោយអ្នកជំនាញលំដាប់ខ្ពស់ពីប្រទេសថៃ ចំពោះផ្លូវប្រណាំងនេះមានចម្ងាយសរុបជាង ១,១៥០ម៉ែត្រ ផ្លូវកោងកែង លើផ្លូវរត់ក្នុងព្រលានយន្ដហោះមានចំនួន១១។ តាមបទពិសោធន៍ពីការប្រកួតកន្លងមកកីឡាករប្រណាំងពេញចិត្តទីតាំងនេះណាស់ដោយសារវាអំណោយផលក្នុងការបង្ហាញបច្ចេកទេសនៃការប្រកួតរបស់ពួកគេ។»

លោកមានជំនឿចិត្តថា នឹងមានកីឡាករប្រមាណ ៤០ទៅ៦០នាក់ ទាំងកីឡាករក្នុងស្រុក និងបរទេសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ កាលពីឆ្នាំមុនព្រឹត្តិការណ៍នេះមានអ្នកចូលរួមយ៉ាងច្រើនកុះករ រហូតដល់ជាង ៥០០០នាក់ ហើយឆ្នាំនេះលោកជឿជាក់ថានឹងមានកំណើនអ្នកចូលរួមច្រើនជាងមុន។

លោកអគ្គនាយក KARA បានបន្តថា ក្រុមហ៊ុន KARA តែងតែសំឡឹងឃើញឱកាសសម្រាប់ក្រុមហ៊ុន កីឡាករប្រណាំង និងទស្សនិកជនទូទៅ នឹងមានច្រើនក្នុងឱកាសទស្សនាកីឡាប្រណាំងយានយន្តរបស់កម្ពុជា។ ការប្រណាំងនេះមិនត្រឹមតែជាកីឡានោះទេ តែវាក៏រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសផងដែរ។

លោក អាស៊ីហ្វ អ៊ុកបាល់ អគ្គនាយកក្រុមហ៊ុនតូតាល់កាំបូត ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះមានប្រសាសន៍ថា៖ «ការឧបត្ថម្ភកម្មវិធីនេះក៏ជាផ្នែកមួយនៃការបន្តផ្សព្វផ្សាយសុវត្ថិភាពចរាចរផ្លូវគោករបស់ក្រុមហ៊ុនតូតាល់ ដែលជាគោលការណ៍សំខាន់របស់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ការផ្សព្វផ្សាយនេះក៏ធ្វើតាមរយៈការលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ដោយសារគ្រោះថ្នាក់លើដងផ្លូវនៅតែជាមូលហេតុចំបងនៃការស្លាប់ក្នុងប្រទេសកម្ពុជា។»

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូលើវាលរាប លើកទី៤ ឆ្នាំ២០១៩ ចែកចេញជា៥ Class មាន Class A សម្រាប់ម៉ូតូកែច្នៃ ដែលមានកម្លាំងម៉ាស៊ីន ១៥០ CC។ Class B សម្រាប់ម៉ូតូអង់ ព្រីយ៉ា កម្លាំងម៉ាស៊ីន ១៣០ ទៅ ១៥០ CC។ Class C សម្រាប់ម៉ូតូអង់ព្រីយ៉ា ចង្កឹះលេខ កម្លាំងម៉ាស៊ីនក្រោម ១២៥ CC។ Class D សម្រាប់ម៉ូតូអូតូ កម្លាំងម៉ាស៊ីន ១១០ ដល់ ១២៥ CC និង Class E សម្រាប់ម៉ូតូ ដែលប្រើពេលវេលា ២៣០នាទី៕

 

រូបភាព៖ Kara

អត្ថបទ៖ វ៉ាន្នី

មតិយោបល់