ហែលទឹកកម្ពុជា ប្រមូលផ្តុំអត្តពលិកស្នាក់នៅ និងហូបចុករួមគ្នា នៅសណ្ឋាគារមុនចេញទៅ SEA Games

មាស សុផាណារ៉ុង November 29, 2019


 

ភ្នំពេញ៖ ក្រោយពី ក្រសួងអប់រំ យុវជន និងកីឡា រំសាយក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិហែលទឹកចំនួន ១១នាក់ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី៣០ នៅប្រទេសហ្វីលីពីន លោកប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាបាន អនុញ្ញាតឲ្យកីឡាករស្នាក់នៅ និងហូបចុករួមគ្នានៅសណ្ឋាគារវិញម្ដង។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ( SEA Games 2019 ) ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដូច្នេះសហព័ន្ធខ្មែរកីឡាហែលទឹកសម្រេចចិត្តរស់នៅរួម ដើម្បីហ្វឹកហាត់បន្ថែមទៀត ក៏ដូចជាត្រៀមខ្លួនសម្រាប់ការប្រកួតដែលគ្រប់គ្រងដោយសហព័ន្ធ និងគ្រូបង្វឹកទាំងអស់ ពីព្រោះក្រុមកីឡាហែលទឹកនឹងចេញដំណើរកម្ពុជានាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

លោកបានប្រាប់បន្តថា សហព័ន្ធនឹងបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិចំនួន ១១នាក់ ក្នុងនោះប្រធានប្រតិភូ ១នាក់ គ្រូបង្វឹក ២នាក់ កីឡាការិនី ៤នាក់ និងកីឡាករ ៤នាក់ ដូចគ្នា។

លោកបានបន្តថា រូបលោកជាប្រធានប្រតិភូ គ្រូបង្វឹក ២នាក់ លោកគ្រូ ហែម ថុនពន្លឺ, លោកគ្រូ ចេង ពិរោទ, សម្រាប់កីឡាករ ៤នាក់ រួមមានកីឡាករ លឹម កែវឧត្តម, កីឡាករ អ៊ូង លីហេង, កីឡាករ ហែម ប៉ុច, និងកីឡាករ ឌឿន រ៉ាត់ធីឌុន ចំណែកកីឡាការិនី សុខ វរល័ក្ខណ, កីឡាការិនី កាំង មុយនីន, កីឡាការិនី ឃឹន ប៊ុនពេជ្រមរកត និងកីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់