កីឡា ៩ប្រភេទផ្សេងទៀតរបស់កម្ពុជា បន្តចេញដំណើរទៅហ្វីលីពីនយប់នេះ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម

មាស សុផាណារ៉ុង November 28, 2019


 

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមកីឡា ៩ប្រភេទផ្សេងទៀតរបស់កម្ពុជា នឹងធ្វើដំណើរចាកចេញពីមាតុប្រទេស ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម – SEA Games 2019 ) ឆ្នាំ២០១៩ លើកទី៣០។

ចំពោះកីឡា ៩ប្រភេទ ដែលត្រូវចេញដំណើរបន្តនៅយប់នេះ រួមមាន កីឡារាំ, វាយសី, បាល់ទះក្នុងសាល, វាយកូនបាល់, ទោចក្រយានយន្ដ, ទ្រីយ៉ាត្លុង, សីដក់, បាល់បោះ ៣ទល់៣ និងបាល់បោះ ៥ទល់៥។ តាមគម្រោង សមាសភាពកីឡាករ-កីឡាការិនី ទាំងអស់នឹងចាកចេញពីកម្ពុជា នៅវេលាម៉ោង ១២:៤៥ រំលងអាធ្រាត ឈានចូលថ្ងៃទី២៩។

ចំពោះប្រភេទកីឡាដែលបានចាកចេញទៅហើយនោះរួមមាន បាល់ទាត់, ល្បុកតោ ( ប្រកួតក្នុងកីឡា Arnis ) និង ៣ប្រភេទកីឡាផ្សេងទៀតដែលទើបតែចេញកាលពីថ្ងៃទី២៧ មានកីឡាកាយសម្ព័ន្ធ, បាល់ទះឆ្នេរខ្សាច់ និងទូកក្តោង។ ខណៈនៅសល់ កីឡាមួយចំនួនទៀត នឹងមានចេកចេញនៅយប់ថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា និងនៅថ្ងៃទី០២, ០៣, ០៥ និង០៦ ខែធ្នូ។

ក្រុមកីឡាដែលបានចាកចេញកាលពីយប់ថ្ងៃទី១៧

បញ្ជាក់ថា នៅក្នុងចំណោម ៣១ប្រភេទកីឡានោះ កម្ពុជាមានជំនឿចិត្តលើ ៩ប្រភេទកីឡាដែលមានសក្ដានុពលក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។

កម្ពុជា នឹងបញ្ជូនប្រតិភូកីឡាដែលមានថ្នាក់ ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ៣១ប្រភេទកីឡា សរុបមានចំនួន ៤៤៧នាក់ ក្នុងនោះអត្តពលិក មានចំនួន ២៨៩នាក់ ដោយកីឡាទាំង ៣១ប្រភេទនោះវិញរួមមាន កីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូកប្រពៃណី-ទូកកានូ, ឃីក-ប៊ុកស៊ីង (Kick-Boxing), កីឡាអេឡិចត្រូនិច (E-Sports), កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម – SEA Games 2019 ) លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសចំនួន១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្ដើមបានមេដាយ មាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿង៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់