សហព័ន្ធកីឡាបាល់ទះកម្ពុជា ចុះ MoU ជាមួយសមាគមកម្ពុជា-អាមេរិក

មាស សុផាណារ៉ុង November 28, 2019


 

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលតំណាងដោយ ឯកឧត្តម ស សុខា ជាអនុប្រធានសហព័ន្ធ បានចុះអនុស្សរណៈយោគយល់គ្នា ( MoU ) ជាមួយសមាគមបាល់បោះ កម្ពុជា-អាមេរិក ដែលមានលោក ជូ សុខារី ជាប្រធាន។

ចាំបានថា កាលពីពាក់កណ្ដាលឆ្នាំ២០១៩ សមាគមនេះបានចុះអនុស្សរណៈជាមួយសហព័ន្ធកីឡាបាល់បោះកម្ពុជា រួចមកហើយ ខណៈកីឡាបាល់ទះ គឺជាជំហ៊ាន ទី២ នៃកិច្ចសហប្រតិបត្តិការនេះ។

អនុស្សរណៈនេះផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលអត្តពលិក និងក្រុមទាំងមូល ការបណ្ដុះបណ្ដាលគ្រូបង្វឹក មន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្ដូរកម្មវិធីទស្សនកិច្ចរបស់គ្រូបង្វឹក មន្ត្រីបច្ចេកទេសដើម្បីពង្រីកសមត្ថភាពគ្រូបង្វឹកមន្ត្រី ដឹកនាំ។ ការជ្រើសរើសកីឡាករដែលមានទេពកោសល្យ និងគុណផលកីឡាខ្ពស់ដើម្បីបញ្ចូលទៅក្នុងក្រុមជម្រើសជាតិដើម្បី ហ្វឹកហាត់សម្រាប់ការប្រកួតឲ្យតំណាងប្រទេស។

សូមបញ្ជាក់ថាប៉ុន្មានឆ្នាំមកហើយដែលកីឡាករបាល់ទះ និងបាល់បោះ កូនកាត់ខ្មែរ-អាមេរិក បានមកជួយដល់កម្ពុជា ក្នុងការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) ទោះបីកីឡាករមួយចំនួនយកមកពីបរទេសក៏ពិតមែន តែពួកគេត្រូវធ្វើតេស្តជាមួយកីឡាករក្នុងស្រុកសិន ប្រសិនបើសមត្ថភាពទាបជាងកីឡាករក្នុងស្រុកក៏សហព័ន្ធមិនទទួលយកដែរ។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញពីជំនឿចិត្តថាតាមរយៈអនុស្សរណៈជាមួយសមាគមនេះកម្ពុជា នឹងមានក្រុមបាល់ទះមួយខ្លាំងដែលជាតំណាងឲ្យជាតិសម្រាប់ចេញទៅប្រកួតលើឆាកអន្តរជាតិជាមុនខានឡើយ។

សូមបញ្ជាក់ថា សមាគមបាល់បោះខ្មែរ-អាមេរិក នេះគ្រប់គ្រងទាំងបាល់បោះ និងបាល់ទះ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៕

 

ចុចអានអត្ថបទ៖ សមាគមបាល់បោះកម្ពុជា-អាមេរិក ចូលរួមអភិវឌ្ឍន៍ និងពង្រឹងកីឡាបាល់បោះកម្ពុជា

 

រូបភាព៖ ហ្វេសប៊ុក ឯកឧត្តម ស សុខា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់