ប្រមុខប៉េតង់កម្ពុជា ជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនី មុនចេញទៅស៊ីហ្គេម

មាស សុផាណារ៉ុង November 28, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនី ប៊ូល និងប៉េតង់កម្ពុជា ដែលត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំ២០១៩ លើកទី៣០ ដែលប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ការប្រកួតកាន់តែខិតជិតមកដល់ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះកីឡាករ-កីឡាការិនី ត្រូវប្រយ័ត្នប្រយែងការហូបចុក និងថែទាំសុខភាពឲ្យបានល្អ ព្រមទាំងខិតខំហ្វឹកហាត់បន្ថែមទៀត ត្រូវធ្វើការប្រកួតឲ្យអស់សមត្ថភាពដូចការប្រកួតនៅក្រៅប្រទេសដែរ។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឧបត្ថម្ភដល់ គ្រូបង្វឹក កីឡាករ-កីឡាការិនី ក្នុងមួយម្នាក់ទឹកប្រាក់ ចំនួន ៣០០ដុល្លារ ផងដែរ។

សម្រាប់កម្ពុជា បានបញ្ជូន ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីប៉េតង់ ចំនួន ១៧នាក់ ក្នុងនោះប្រតិភូ ១នាក់ គ្រូបង្វឹក និងគ្រូជំនួយ ចំនួន ៤នាក់ កីឡាករចំនួន ៦នាក់ និងកីឡាការិនីចំនួន ៦នាក់ ចំពោះកីឡាករទាំង ៦នាក់រួមមាន កីឡាករ សុខ ចាន់មាន, កីឡាករ ញ៉ែម បូរ៉ា, កីឡាករ ថោង ឈឿង, កីឡាករ តិប នរ៉ា, កីឡាករ សៀង វណ្ណា និងកីឡាករ យឹម សុភណ្ឌ។ ចំណែកកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា ប្រកួតលើកវិញ្ញាសាវាយគូបុរស ២ទល់២នាក់ រីឯកីឡាករ ថោង ឈឿង កីឡាករ តិប នរ៉ា កីឡាករ សៀង វណ្ណា និងកីឡាករ យឹម សុភណ្ឌ ប្រកួតលើកវិញ្ញាសាវាយបុរស ៣ទល់៣នាក់ ហើយគូ្របង្វឹកវិញ លោក អ៊ឹម ជាតិ គ្រូធំ និងលោក ជ័រ គឹមឈុន គ្រូជំនួយ។

ដោយឡែកកីឡាការិនីទាំង ៦នាក់រួមមានកីឡាការិនី កែ ឡេង ជាម្ចាស់មេដាយមាសជើងឯកពិភពលោក ៤សម័យកាល កីឡាការិនី អ៊ុក ស្រីមុំ, កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា ហើយលោក សុខ ម៉ុង គ្រូបង្វឹក និងអ្នកស្រី អ៊ុក លក្ខណា គ្រូជំនួយ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់