ជើងឯកលីគកំពូលវៀតណាម ៤សម័យកាល មកដល់ភ្នំពេញ ត្រៀមប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយសមាជិកលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង November 27, 2019


 

ភ្នំពេញ៖ ក្រុមម្ចាស់ជើងឯកលីគកំពូលវៀតណាម ( V League 1 ) ៤សម័យកាល Becamex Binh Duong FC បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី២៦ វិច្ឆិកា ម្សិលមិញ ដើម្បីមកធ្វើការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ជាមួយក្លឹបនៅលីគកំពូលកម្ពុជា ចំនួន២។

តាមគម្រោងក្រុមដដែលនេះ នឹងធ្វើការប្រកួតជាមួយក្រុមកម្ពុជា ចំនួន ២ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា រួមមាន ក្លឹបបាល់ទាត់ក្រសួងការពារជាតិ និងក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ពោលគឺក្នុងដំណើរដែលក្លឹបមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសវៀតណាមមួយនេះ ប្រកួតមិត្តភាពបែបទេសចរណ៍ ( Pre Season Tour ) នៅកម្ពុជា។

ចំពោះការប្រកួតដំបូង Becamex Binh Duong FC នឹងធ្វើការប្រកួតជាមួយ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) នាវេលាម៉ោង ៥ល្ងាច។

ក្រោយការប្រកួតនេះ ២ថ្ងៃ ពោលគឺនៅថ្ងៃទី៣០ ខែដដែល Becamex Binh Duong FC នឹងបន្តការប្រកួតមួយប្រកួតទៀតជាមួយ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នៅកីឡដ្ឋានជាតិ នាវេលាម៉ោង ៣:៣០ នាទីរសៀល។

សូមបញ្ជាក់ថា Becamex Binh Duong FC ត្រូវបានស្គាល់ថាជាក្រុមធ្លាប់មានឈ្មោះល្បី និងជោគជ័យផងដែរ ក្នុងបាល់ទាត់នៃប្រទេសវៀតណាម បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៦ មានឈ្មោះដើមថា Song Be F.C ដោយធ្លាប់ឈ្នះជើងឯកលីគកំពូលវៀតណាម ( V League 1 ) ៤សម័យកាល ( នៅឆ្នាំ២០០៧, ២០០៨, ២០១៤, ២០១៥ ) និងក្លាយទៅជាក្រុមទី៣ ដែលឈ្នះពានលីគកំពូលវៀតណាមច្រើនជាងគេ បន្ទាប់ពី CLB Viettel ជាមួយ Hanoi FC ធ្លាប់ឈ្នះម្នាក់ ៥ដង។

ក្រៅពីនេះ ក្លឹបនេះក៏ធ្លាប់ឈ្នះពានកម្រិតទី២ Vietnamese National Cup ៣ដង ផងដែរ នៅឆ្នាំ១៩៩៤, ២០១៥ និង២០១៨ និងជាពិសេសធ្លាប់បង្ហាញមុខនៅក្នុងពានក្លឹបបាល់ទាត់ធំជាងគេប្រចាំទ្វីបអាស៊ី ( AFC Champions League ) ម្ដងផងដែរ កាលពីឆ្នាំ២០០៨ ដោយអាចរកបាន ១ពិន្ទុពីពូលដែលមានក្រុម Adelaide United ( អូស្រ្តាលី ), Changchun Yatai ( ចិន ) និង Pohang Steelers ( កូរ៉េខាងត្បូង )៕

 

រូបភាព៖ thethao247 | thethao.thanhnien.vn

អត្ថបទ៖ ណារ៉ុង

មតិយោបល់