ឯកឧត្តម វ៉ាត់ ចំរើន ដឹកនាំកីឡា ៣ប្រភេទ ចេញទៅប្រកួតស៊ីហ្គេមនៅហ្វីលីពីន ខណៈកីឡាផ្សេងទៀតនឹងចេញជាបន្តបន្ទាប់

មាស សុផាណារ៉ុង November 27, 2019


 

ភ្នំពេញ៖ នៅអាធ្រាតថ្ងៃទី២៦ ខែវិច្ឆិកា ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជាសម្រាប់ស៊ីហ្គេម នៅប្រទេសហ្វីលីពីន បានដឹកនាំប្រតិភូកីឡាមួយចំនួន មន្រ្តី CAMSOC និង ៣ប្រភេទកីឡាផ្សេងទៀត ក្នុងនោះមានកីឡាកាយសម្ព័ន្ធ, បាល់ទះឆ្នេរខ្សាច់, ទូកក្តោង ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។

មានប្រសាសន៍នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថាកីឡា ៣ប្រភេទចេញទៅយប់នេះ ( យប់ម្សិលមិញ ) ហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា នឹងចេញទៅ ៩ប្រភេទកីឡាទៀត គឺចេញជាបន្តបន្ទាប់ ដែលប្រភេទកីឡាទាំងអស់នេះ នឹងត្រូវចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃទី៣០ វិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ។

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា៖ «ប្រតិភូដែលបានទៅចូលរួមនេះ គឺមានភាពកក់ក្តៅដោយសារការដឹកនាំចង្អុលបង្ហាញ និងអនុសាសន៍ជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំក្នុងការរៀបចំដំណើរចេញទៅ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នេះ។»

លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា ប្រតិភូកីឡាជម្រើសជាតិកម្ពុជា ដែលចេញទៅស៊ីហ្គេម នេះគឺចេញតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងមកម្ល៉េះ ដែលពេលនោះគឺប្រភេទកីឡាបាល់ទាត់ និងបានប្រកួតមុនគេនៅថ្ងៃទី២៥ វិច្ឆិកា ដោយបានស្មើជាមួយនឹងម្ចាស់ផ្ទះ ១ទល់នឹង១។ ចំពោះក្រុមផ្នែករដ្ឋបាលកីឡារបស់កម្ពុជា ក៏បានចេញទៅដល់ប្រទេសហ្វីលីពីននេះរួចអស់ហើយដែរ ដើម្បីរកចាំទទួល និងសម្រួលរៀបចំជូនកីឡាករ-កីឡាការិនី និងថ្នាក់ដឹកនាំ។

លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថាសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នេះក្នុងចំណោមប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចំនួន ៣១កីឡានោះ ក៏មានប្រភេទកីឡាដែលមានសក្តានុពល និងសង្ឃឹមថាបានទទួលមេដាយពីការប្រកួតនេះផងដែរ។

លោកបានបន្ថែមទៀតថា៖ «ពេលនេះនៅហ្វីលីពីនកីឡាល្បុក្កតោរបស់កម្ពុជា កំពុងស្ថិតនៅទីនោះ ហើយដែលជាប្រភេទកីឡាមួយដែលយើងសង្ឃឹមថានឹងទទួលបានមេដាយ ហើយបន្ទាប់ទៀតនោះ ក៏មានកីឡាគុនខ្មែរ ប្រដាល់ ប៉េតង់ ជិតជីដ៊ូ សូតេន្នីស្ត វាយកូនបាល់ ការ៉ាតេ ក៏សង្ឃឹមបានមេដាយដែរ គ្រាន់តែយើងមិនទាន់ហ៊ានទាយពីពណ៌មេដាយថាបានប៉ុន្មាន។» លោកបានបញ្ជាក់ទៀតថា «មេដាយដែលយើងចង់បានសម្រាប់ស៊ីហ្គេមលើកនេះ គឺធ្វើយ៉ាងណាមេដាយមាស ត្រូវដណ្តើមយកឲ្យបានលើសពីស៊ីហ្គេម លើកទី២៩ នៅកូឡាឡំពួ ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ ២០១៧។»

សូមបញ្ជាក់ថា កម្ពុជា នឹងបញ្ជូនប្រតិភូកីឡាដែលមានថ្នាក់ ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ៣១ប្រភេទកីឡា សរុបមានចំនួន ៤៤៧នាក់ ក្នុងនោះអត្តពលិក មានចំនួន ២៨៩នាក់ ដោយកីឡាទាំង ៣១ប្រភេទនោះវិញរួមមាន កីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូកប្រពៃណី-ទូកកានូ, ឃីក-ប៊ុកស៊ីង (Kick-Boxing), កីឡាអេឡិចត្រូនិច (E-Sports), កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់