គ្រូជម្រើសជាតិតេក្វាន់ដូកម្ពុជា៖ «ស៊ន សៀវម៉ី នៅតែជាគ្រាប់ពេជ្ររបស់កម្ពុជា»

មាស សុផាណារ៉ុង November 26, 2019


 

ភ្នំពេញ៖ លោក ឆយ យ៉ុងសុក (Choi Yong Sok) គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែចាត់ទុកថាកីឡាការិនី ស៊ន សៀវម៉ី នៅតែជាក្ដីសង្ឃឹមរបស់លោកដដែល។

លោកបន្តថា សៀវម៉ី បានចេញទៅហាត់នៅកូរ៉េខាងត្បូង អស់រយៈពេល ២ខែ ដែលក្នុងឱកាស់នៃការហ្វឹកហាត់នោះទោះបីមិនសូវមានព្រឹត្តិការណ៍ប្រកួតក្នុងប្រទេសកូរ៉េក៏ពិតមែន តែពួកគេហ្វឹកហាត់ជាមួយគ្រូដែលមានកម្រិតខ្ពស់ ហើយក្នុងមួយថ្ងៃហាត់ ៣ពេលគឺ ព្រឹក ថ្ងៃត្រង់ និងព្រលប់ ដែលមួយពេលៗ ហាត់រយៈពេល ២ម៉ោងឯណោះ។

នៅកូរ៉េខាងត្បូង គេបានហាត់សមជាមួយកីឡាការិនីកូរ៉េ ដែលមានសមត្ថភាពខ្ពស់ៗ មិនតែប៉ុណ្ណោះពេលនេះទាំងកម្លាំង ទាំងបច្ចេកទេសរបស់ សៀវម៉ី និងមិត្តរួមអាជីពសុទ្ធតែមានការរីកចម្រើនដូចគ្នា។

លោក ឆយ យ៉ុងសុក និង ស៊ន សៀវម៊ី កាលពីឆ្នាំ២០១៦

គ្រូបង្វឹករូបនេះទទួលស្គាល់ថានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ពិតជាខ្លាំងក៏ពិតមែនតែពួកគេក៏មិនហ៊ានមើលរំលងកីឡាការិនី ស៊ន សៀវម៉ី ដែរ។

កីឡាការិនី ស៊ន សៀវម៉ី ទទួលស្គាល់ថាការហ្វឹកហាត់នៅកូរ៉េ ទោះបីមិនសូវមានការប្រកួតក៏ពិតមែនតែនាងមាន អារម្មណ៍ថានាងមានការរីកចម្រើន។ ពេលដែលចោទសួរថា តើជង្គង់ដែលវះកាត់កន្លងមកនោះនៅមានការឈឺចាប់ ឬទេនោះ? សៀវម៉ី និយាយថាទោះបីនៅប្រទេសត្រជាក់ វានៅមានបញ្ហាបន្តិចបន្តួចក៏ពិតមែន តែវាមិនមែនជាឧបសគ្គដែលរារាំងមិនឲ្យនាងប្រកួតបាននោះទេ។

វីរៈកីឡាការិនីរូបនេះបន្តថា សម្រាប់ប្រទេសដែលមានសីតុណ្ហភាពដូចកម្ពុជា និងហ្វីលីពីន នោះគឺមិនរំខាន់ដល់ ជង្គង់របស់នាងឡើយ។

សូមបញ្ជាក់ថាសម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាសប្ដាហ៍ក្រោយនេះខេមរសហព័ន្ធតេក្វាន់ដូ បញ្ជូនកីឡាករ ៧រូប និងកីឡាការិនី ៧រូប ទៅចូលរួមប្រកួត។ ក្នុងចំណោមកីឡាករ-កីឡាការិនី ទាំង ១៤រូបនោះមាន ៤រូប ប្រកួតវិញ្ញាសាមេគុណ និង ១០រូបទៀត លេងវិញ្ញាសាប្រយុទ្ធ។ សម្រាប់កីឡាការិនី ស៊ន សៀវម៉ី លើកនេះប្រកួតវិញ្ញាសាប្រយុទ្ធក្នុងប្រភេទទម្ងន់ ៧៨គីឡូក្រាម៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់