សហព័ន្ធទោចក្រយានកម្ពុជា ធ្វើតេស្តអត្តពលិករបស់ខ្លួនមុនចេញទៅស៊ីហ្គេម នៅហ្វីលីពីន

មាស សុផាណារ៉ុង November 26, 2019


 

ពោធិ៍សាត់៖ ស្របពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្ដើមនាចុងខែវិច្ឆិកានេះ សហព័ន្ធកីឡាទោចក្រយាន (កង់) បានសហការជាមួយនឹងក្រសួងអប់រំ រៀបចំព្រឹតិ្តការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំមួយនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីធ្វើតេស្តក្រុមជម្រើសជាតិដែលត្រៀមខ្លួនទៅប្រកួតនៅស៊ីហ្គេម។

អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន លោក នូ ចំរើន បានឱ្យដឹងថា៖ ការប្រកួតប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិដែលទទួលបានការឧបត្តម្ភពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នេះបានបញ្ចប់ដោយជោគជ័យបំផុត ដែលមានកីឡាករ កីឡាការិនី មកពី ១៧ក្លឹប សមាគម សរុបចំនួន ៧១នាក់ (ស្រី ១២នាក់) គ្រូដឹកនាំចំនួន១៥នាក់ និងគណៈកម្មការរៀបចំ ការប្រកួតចំនួន ៣៥នាក់។

លោកបន្តថា៖ សម្រាប់ការប្រកួតនេះមិនត្រឹមតែធ្វើតេស្តសមត្ថភាពមុនចេញទៅប្រកួតប្រជែងនៅក្នុងព្រឹតិ្តការណ៍ស៊ីហ្គេម ចុងឆ្នាំនេះ ប៉ុណ្ណោះទេ ក៏ជាការជ្រើសរើសថ្នាលចូលជម្រើសជាតិ នាឆ្នាំ២០២០ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា កម្មវិធីនេះ មានសារៈសំខាន់ណាស់ចំពោះយុវជន ដែលធ្វើឲ្យពួកគេមានកម្លាំងប្រាជ្ញា ស្មារតីរឹងមាំ ពួកគេអាចជៀសវាងបាននូវអំពើឧបាយមុខទាំងឡាយ ស័ក្ដិសមជាឈ្មោះថាយុវជនជាសសរទ្រូងនៃប្រទេសជាតិ។

«បើយើងមិនយកចិត្តទុកដាក់រឿងនេះទេ យើងបណ្ដែតបណ្ដោយខ្លួនលុះទៅដោយអំពើមិនល្អ ឧបាយមុខ ផ្សាភ្ជាប់ខ្លួននឹងគ្រឿងញៀន វាសប្បាយតែមួយពព្រិចភ្នែកទេ កើតទុក្ខមួយជីវិត»។ លោកបានសូមណូមពរឱ្យយុវជនចូលរួមក្នុងវិស័យកីឡាឲ្យបានច្រើនជាងនេះនៅឆ្នាំក្រោយ ព្រោះកីឡានាំមកនូវសុខភាពល្អ ជៀសផុតពីការគំរាមកំហែងដោយគ្រឿងញៀនមកលើយុវជន៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់