E-Sport កម្ពុជា កើនសមត្ថភាពជាងមុន បើទោះបីចាញ់នៅក្នុង MLBB World Championship 2019

មាស សុផាណារ៉ុង November 25, 2019


 

កូឡាឡាំពួរ៖ បើទោះបីក្រុមកីឡា E-Sport កម្ពុជា ដែលបានចេញទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក «MLBB World Championship 2019» ដែលហៅកាត់ថា M1 នៅក្នុងប្រទេសម៉ាឡេស៊ី កាលពេលកន្លងទៅថ្មីៗនោះ ដោយបានប្រកួតចាញ់នៅក្នុងវគ្គជម្រុះដំបូងក្ដី តែបច្ចេកទេសរបស់កីឡាករ មានការកើនឡើងជាងមុន។ នេះបើតាមសម្ដីរបស់លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ។

លោក លន់ សាមឌី បានឱ្យដឹងបែបនេះថា៖ «ការប្រកួតនេះមាន ក្រុមខ្លាំងៗសមត្ថភាព និងទេពកោសល្យខ្ពស់មកពី ១៤តំបន់ជុំវិញពិភពលោកចូលប្រកួតដូចជា ក្រុមកីឡាករមកពីជប៉ុន តួរគី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រេស៊ីល ជាដើម។ ចឹងសម្រាប់ការប្រកួតនេះ ក៏យើងមិនបានសង្ឃឹមថានឹងអាចដណ្ដើមបានជ័យជម្នះត្រលប់មកវិញដែល គឺសហព័ន្ធចង់បានតែសមត្ថភាពបច្ចេកទេសល្អ របស់កីឡាករកម្ពុជា ក្រោយពីបានចូលរួមក្រេបយកចំណេះដឹងពីបណ្ដាប្រទេសខ្លាំងនៅក្នុងព្រឹត្តិការណ៍នោះតែប៉ុណ្ណោះ។»

លោកបន្តថា៖ «សមត្ថភាពបច្ចេកទេសរបស់កីឡាករកម្ពុជា ពិតជាមានការកើនឡើងពិតប្រាកដមែន ដែលធ្វើឱ្យយើងកាន់តែមានសង្ឃឹមបន្តបណ្ដើរទៅមុខទៀត ជាពិសេសគឺការត្រៀមចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ។»

ជាមួយនឹងព្រឹតិ្តការណ៍ MLBB World Championship 2019 នេះដែរ ក្រុមជើងខ្លាំងរបស់ប្រទេសឥណ្ឌូណស៊ី បានក្លាយជាជើងឯកប្រចាំឆ្នាំ២០១៩ ដែលក្តោបបានទឹកប្រាក់រង្វាន់ ៨០ ០០០ ដុល្លារអាមេរិក (ប្រាំបីម៉ឺនដុល្លារអាមេរិក) និងមេដាយ ពានរង្វាន់ បន្ទាប់ពីយកឈ្នះមិត្តរួមជាតិ RRQ ដោយលទ្ធផល ៤-៣។

នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Shanghai Moonton Technolog លោក Justin Yuan បាននិយាយថា៖ «គោលបំណងរបស់យើងគឺ នាំបុគ្គលម្នាក់ៗដែលមានឆន្ទៈក្នុងកីឡាអេឡិចត្រូនិក និង MLBB ឲ្យជួបជុំគ្នាក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M1។ យើងឃើញច្បាស់នឹងភ្នែកហើយ អត្តពលិកយ៉ាងច្រើនកុះករពិតជាយកចិត្តទុកដាក់ និងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីក្លាយជាអត្តពលិកអាជីពពិតប្រាកដដែលចង់សម្រេចក្តីស្រមៃរបស់ពួកគេ។ យើងចង់ជំរុញអ្នករាល់គ្នាផ្តល់តតម្លៃសម្រាប់អ្វីដែលពួកគេស្រលាញ់ហើយឈានឆ្ពោះទៅរកក្តីស្រមៃនោះ។ ជាពិសេសយើងរួមចំណែកជួយអភិវឌ្ឍកីឡាអេឡិចត្រូនិកតាមរយៈ M1។»

លោកបន្តថា៖ «នេះក៏ជាការពង្រឹងសមត្ថភាពមួយកម្រិតទៀត ខណៈវិញ្ញាសា MLBB មានមុខប្រកួតផ្លូវការដណ្តើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ( 2019 SEA Games ) នៅប្រទេសហ្វីលីពីនពី ថ្ងៃទី៣០ ខែវិច្ឆិកា ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៩ ហើយកីឡាអេឡិចត្រូនិក នឹងធ្វើការប្រកួតថ្ងៃទី០៥ ដល់ទី១០ ខែធ្នូ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់