ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ប្រវែង៤៦៧គីឡូម៉ែត្រ នឹងបញ្ចប់នៅខេត្តកែប

មាស សុផាណារ៉ុង November 25, 2019


 

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៍ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឲ្យដឹងថា នេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតខ្ពស់ និងជាលើកទី១ ដែលកម្ពុជារៀបចំដើម្បីទាក់ទាញអ្នកទេសចរ ក៏ដូចជាក្នុងបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។

លោកបន្តថា ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា នេះមានចម្ងាយផ្លូវសរុបជាង ៤៦៧គីឡូម៉ែត្រ នៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤ គឺ កោះកុង ព្រះសីហនុ កំពត និងកែប និងមានកីឡាករជំនាញបរទេសចូលរួមប្រមាណ ១០០នាក់ មកពីច្រើនប្រទេសចូលរួមក្នុងនោះ ក៏មានកីឡាករជំនាញរបស់កម្ពុជាមួយក្រុមទៀតផង។

ឯកឧត្តមបញ្ជាក់ថា៖ «ប្រសិនបើយើងបើកទូលាយ នោះនឹងមានបណ្តាប្រទេសជាច្រើនមកចូលរួមមិនខានព្រោះនេះជាព្រឹត្តិការណ៍ប្រណាំងលក្ខណៈអន្តរជាតិ ប៉ុន្តែយើងតម្រូវតែប៉ុន្មានប្រទេសប៉ុណ្ណោះ ព្រោះថាផ្អែកទៅលើលក្ខណៈសម្បត្តិរបស់កម្ពុជាដែលអាចទទួលបាន។ យ៉ាងហោចណាស់ក៏មានប្រទេសចំនួនប្រហែល ២០ប្រទេសដែលបានចូលរួមក្នុងការប្រណាំងនេះដែល ក្នុងមួយប្រទេសគឺ ១ក្រុម មានគ្នាប្រមាណ ១០នាក់រួ មទាំងកីឡាករ ៦នាក់ផង ដូច្នេះសរុបមាន ២០ក្រុមស្មើនិង ២០០នាក់ បូកនឹងអ្នកបច្ចេកទេស និងអ្នកបម្រើសេវាផ្សេងៗ គឺសរុបមានចំនួនអ្នកចូលរួមប្រមាណជាង ៣០០នាក់។»

ឯកឧត្តម នី ផល្លី អគ្គលេខាធិការរគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ឲ្យដឹងថា ការប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី ១ ឆ្នាំ២០២០ នេះ នឹងរៀបចំធ្វើជា ៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ដោយផ្តើមចេញដំណើរពីរមណីយដ្ឋានតារាសាគរ នៅខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង ដែលមានចម្ងាយផ្លូវជាង ១៥០គីឡូម៉ែត្រ។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅថ្ងៃទី០៥ ខែមករា ដោយចេញដំណើរពីរង្វង់មូលរមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង (នៅត្រង់រង្វង់មូលវិថីសាយភូថង) ឆ្លងកាត់មកផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោ នៃខេត្តកំពត ដែលមានចម្ងាយជាង ១៥០គីឡូម៉ែត្រ។ ដំណាក់កាលទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមករា ដោយចេញដំណើរពីជើងភ្នំបូកគោ ឆ្លងកាត់រង្វង់មូលធូរេន ខេត្តកំពត រួចបន្តទៅកាន់រង្វង់មូលសេះស និងប្រណាំង ៥ជុំ ក្នុងខេត្តកែប ឆ្ពោះទៅកាន់រវល់មូល និងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយសរុបប្រមាណជាង ១៥០គីឡូម៉ែត្រ សរុបចម្ងាយផ្លូវទាំង៣ដំណាក់កាលមានប្រវែង ៤៦៧គីឡូម៉ែត្រ។

សូមបញ្ជាក់ថា តាមគម្រោងផ្លូវរត់ក្នុងដំណាក់កាលទី៣ លើកមុនគឺត្រូវបញ្ចប់នៅរង្វង់មូលតោពីរ ខេត្តព្រសីហនុ តែដោយសារបច្ចុប្បន្ន ក្រុងព្រះសីហនុ កំពុងធ្វើការជួសជុលផ្លូវ ក៏បង្វែរមកបញ្ចប់នៅខេត្តកែបវិញ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថាព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ឆ្លងកាត់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នេះត្រូវបានសហព័ន្ធអន្តរជាតិចាត់ទុកជាផ្លូវការថា ជាការប្រកួតដែលកីឡាករទាំងអស់លើពិភពលោកអាចចូលរួម ដើម្បីសន្សំពិន្ទុសម្រាប់ឡើងចំណាត់ថ្នាក់ (Rainking) របស់កីឡាករម្នាក់ៗ ដែលចូលរួម។

បើតាមតំណាងប្រឹក្សាយោបល់នៃព្រឹត្តិការណ៍រៀបចំប្រណាំងកង់ពិភពលោកឲ្យដឹងថា ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នេះដោយសារតែទើបចាប់ផ្តើម និងមានរយ: ៣ថ្ងៃបែបនេះ គឺស្ថិតនៅក្នុងកម្រិត ២.២ ដែលសហព័ន្ធអន្តរជាតិ UCI បានកំណត់។ លោកបានបញ្ជាក់ឲ្យដឹងថាមកទល់នឹងពេលនេះ គណៈកម្មការរៀបចំការប្រកួតប្រណាំងកង់តំបន់ឆ្នេរសមុទ្រនៅកម្ពុជា លើកទី១ បានរៀបចំផ្លូវ ក៏ដូចជាការស្នាក់នៅ កន្លែងស្នាក់នៅរបស់កីឡាករ ដែលចូលរួមគឺសម្រេចបាន ៥០ភាគរយហើយ ហើយបើតាមកាលវិភាគដែលបណ្ដាប្រទេសមួយចំនួនចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះមានប្រទេសនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងបារាំង។

លោកឲ្យដឹងទៀតថាមកទល់បច្ចុប្បន្ននេះ គឹមានប្រទេសជាង ១០ហើយដែលបានចុះឈ្មោះចូលរួមការប្រណាំងនេះ ដែលក្នុងនោះយើងបានទទួលជាផ្លូវការ គឺមានក្រុមអាអាជីពរបស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមជំនាញជើងឯកប្រចាំទ្វីបអាស៊ី គឺបានចុះឈ្មោះរួចរាល់។ ចំណែកក្រុមមួយចំនួនទៀតនោះ គឺកំពុងតែធ្វើការចុះឈ្មោះជាបន្តបន្ទាប់ដែលមានដូចជាឥណ្ឌូនេស៊ី, ហ្វីលីពីន, អូស្រ្តាលី, ប៉ូឡូញ, ហូឡង់, អាល្លឺម៉ង់ និងប្រទេសម៉ាឡេស៊ី ហើយក៏មានក្រុមកង់ដទៃទៀតមកពីប្រទេសជប៉ុន, ចិន, ហុងកុង, ថៃ, អាមេរិក, បារាំង និងកូរ៉េ ក៏បានចុះឈ្មោះមកដែរ ដោយរង់ចាំតែការបញ្ជាក់ឯកភាពរបស់គណៈកម្មការរៀបចំតែប៉ុណ្ណោះ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់