កីឡាការិនីប៉េតង់កម្ពុជា បំបែកកំណត់ត្រាជាកីឡាការិនីម្នាក់គត់ ឈ្នះមេដាយមាសជើងឯកពិភពលោក លើកទី៤ ជាប់ៗគ្នា

មាស សុផាណារ៉ុង November 22, 2019


 

ភ្នំពេញ៖ វីរៈកីឡាការិនីកម្ពុជា កែ ឡេង បានឈ្នះមេដាយមាសជើងឯកពិភពលោក ១គ្រឿងទៀតហើយ លើវិញ្ញាវាយយកពិន្ទុ ផ្នែកនារី ឆ្នាំ២០១៩។

នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ស្រ្តីនៅកម្ពុជា ដែលបានប្រឹងប្រែងប្រកួតឈ្នះមេដាយមាសពិភពលោក លើកដំបូងក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់យុវជន និងស្រ្តី ជើងឯកពិភពលោក របស់អ្នកស្រី កែ ឡេង បន្ទាប់ពីបានផ្ដួល កីឡាការិនី ឡាវ ក្នុងលទ្ធផល ៣៦-២២ពិន្ទុ ។

ក្រៅតែពីឈ្នះសម្រាប់ឆ្នាំ២០១៩នេះ នេះជាមេដាយមាសពិភពលោក កើលទី៤ ហើយ របស់វិរៈកីឡាការិនី កែ ឡេង ខណៈដែល ៣លើកកន្លងមក អ្នកស្រីឈ្នះ កាលពីឆ្នាំ២០១៣ នៅបារាំង ឆ្នាំ២០១៥ នៅថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន។

ប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាលោក ស សុខា បានមានប្រសាសន៍ថា៖ «សម្រាប់ជ័យជម្នះរបស់អ្នកស្រី កែ ឡេង នៅលើកនេះគួរទុកជាមរតក ដើម្បីរក្សានូវកំណត់ត្រារបស់គាត់បន្ថែមទៀត ដោយសហព័ន្ធ ត្រូវខំប្រឹងយកចិត្តទុកដាក់ផ្នែកយុទ្ធសាស្ត្របន្ថែមទៀត ពេលគាត់នៅមានភាពរឹងមាំបែបនេះ។ បើសិនជាខាងសហព័ន្ធ មិនប្រយ័ត្នប្រយែង ឬក៏ព្រងើយកន្តើយ មិនបង្កើនការថ្នាក់ថ្នម នៅពេលគាត់បានមេដាយអ៊ីចឹងហើយ វាអាចធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្ត ព្រោះការឈ្នះមេដាយមាស ៤ ជំនាន់ជាប់ៗគ្នា វាកម្រនឹងរកបានណាស់»។

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់