អ្នកស្រី កែ ឡេង ឡើងវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាវាយយកពិន្ទុផ្នែកស្រ្ដី ចាំប៉ះ ចិន ឬក៏ឡាវ
មាស សុផាណារ៉ុង November 22, 2019
ភ្នំពេញ៖ វីរកីឡាការិនីប៉េតង់កម្ពុជា អ្នកស្រី កែ ឡេង បានបន្តជ័យជម្នះបន្ថែមទៀតហើយ នឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយប្រកួតឈ្នះលើកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ដោយលទ្ធផល ៤៨ទល់នឹង៣៨ ក្នុងព្រឹតិ្តការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧។
ជ័យជម្នះនេះ បានសេចក្ដីថា វីរកីឡាការិនីប៉េតង់កម្ពុជា អ្នកស្រី កែ ឡេង កំពុងមានមេដាយប្រាក់ក្នុងដៃ ហើយត្រូវអង្គុយរង់ចាំការឈ្នះរវាងកីឡាការិនីឡាវ Bivilak Thepphakan ឬកីឡាការិនីចិន Wang Yon Jin ដែលកំពុងប្រកួត។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅវេលាម៉ោង ១រសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះផ្ទាល់តែម្ដង។
គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាវាយយកពិន្ទុផ្នែកស្រ្ដីនេះ គឺជាការប្រកួតការពារមេដាយមាសពិភពលោកលើកទី៣ របស់អ្នកស្រី កែ ឡេង បន្ទាប់ពីអ្នកស្រីដណ្ដើមបាន ៣លើកជាប់ៗគ្នា កាលពីឆ្នាំ២០១៣ នៅបារាំង ឆ្នាំ២០១៥ នៅថៃ និងឆ្នាំ២០១៧ នៅចិន៕
អត្ថបទ៖ ប៉ាវឡុង ជីង