អ្នកស្រី កែ ឡេង ឡើងទៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ហើយក្រោយឈ្នះកាណាដា ៣៤-២៨ពិន្ទុ

មាស សុផាណារ៉ុង November 22, 2019


 

ភ្នំពេញ៖ មកដល់ពេលនេះវីរកីឡាការិនីប៉េតង់កម្ពុជា ដែលគេស្គាល់ថាជាម្ចាស់ជើងឯកពិភពលោក ៣ជំនាន់ជាប់គ្នានោះ បានបន្តឈ្នះទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី២២ វិច្ឆិកា នេះ អ្នកស្រី កែ ឡេង បានប្រកួតឈ្នះលើកីឡាការិនីកាណាដា Bergreon Maryes ដោយលទ្ធផល ៣៤ទល់នឹង២៨ ក្នុងព្រឹតិ្តការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ។

សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគណៈកម្មការគ្រោងនឹងធ្វើឡើងនាវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកានេះ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្ដែជាបណ្ដោះអាសន្ន សម្រាប់បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពេលនេះ សុទ្ធតែទទួលបានមេដាយសំរឹទ្ធក្នុងដៃរួចហើយ រួមទាំងកីឡាការិនី កែ ឡេង របស់ម្ចាស់ផ្ទះកម្ពុជាផងដែរ ។

នារសៀលនេះ កីឡាការិនី កែ ឡេង នឹងត្រូវឡើងទៅជួបកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ដែលកីឡាការិនីមីយ៉ាន់ម៉ារូបនេះ ទើបបានយកឈ្នះកីឡាការិនីប៊ែលហ្ស៊ិក ដោយលទ្ធផល ៣១ទល់នឹង១៣ ក្នុងការប្រកួតវគ្គ ៨នាក់ចុងក្រោយដូចគ្នា ក្នុងម៉ោងដំណាលគ្នា កាលពីព្រឹកមិញដូចគ្នា។

ដោយឡែកគូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត គឺកីឡាការិនីឡាវ Bivilak Theppphakan ត្រូវជួបកីឡាការិនីចិន Wang You Jing។ ក្នុងវគ្គ ១/៤ ព្រឹកមិញ កីឡាការិនីឡាវ បានយកឈ្នះកីឡាការិនីថៃ ៣៨ទល់នឹង៣៤។ ឯកីឡាការិនីចិន បានយកឈ្នះកីឡាការិនីន័រវ៉េ ដោយលទ្ធផល ១៨ទល់នឹង៥។

គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាវាយយកពិន្ទុផ្នែកស្រ្ដីនេះ គឺជាការប្រកួតការពារមេដាយមាសពិភពលោកលើកទី៣ របស់អ្នកស្រី កែ ឡេង បន្ទាប់ពីអ្នកស្រីដណ្ដើមបាន ៣លើកជាប់ៗគ្នា កាលពីឆ្នាំ២០១៣ នៅបារាំង ឆ្នាំ២០១៥ នៅថៃ និងឆ្នាំ២០១៧ នៅចិន៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់