នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក្លាយជាប្រមុខសហព័ន្ធកីឡាវាយកូនឃ្លីលើតុ

មាស សុផាណារ៉ុង November 22, 2019


 

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានធ្វើមហាសន្និបាតវិសាមញ្ញ ដោយមានការចូលរួមធ្វើជាសាក្សីពីសំណាក់ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រើសរើសសមាជិកប្រតិបត្តិថ្មី ក្នុងខណៈដែលលោកឧកញ៉ា រ័ត្ន សុខន ដកខ្លួនចេញពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថានេះជាការកែទម្រង់ថ្មីមួយដើម្បីរៀបចំយុទ្ធសាស្ត្រឆ្ពោះទៅ ឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍន៍គុណផលឲ្យបានទាន់ប្រទេសក្នុងតំបន់ ទ្វីប និងពិភពលោក។ ការកែទម្រង់នេះនឹងធ្វើរហូតដល់ ឆ្នាំ២០២២។

តាមរយៈសន្និបាតវិសាមញ្ញនេះក៏បានជ្រើសរើសសមាជិកប្រតិបត្តិថ្មីដែលមាន លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាប្រធាន លោកឧត្តមសេនីយ៍ ដួង ហេង, លោក តែ សុខហុង, លោក ពុំ វិត្យា និង លោក លី សេងហុង ជាអនុប្រធាន, លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ, លោក ចាន់ ពិសិដ្ឋ អគ្គលេខាធិការរង, លោក ព្រុំ ឌុចប៉ូរ៉ានឿន អគ្គហេរញ្ញឹក, លោក អ៊ឹង ប៊ុនឃាង, លោក អម សុផាណា, លោក រស់ ជាតិ, លោក ដួង វណ្ណា។

អ្វីដែលគួរឲ្យកត់សំគាល់នោះលោក ស៊ុន សុទ្ធារិទ្ធ ដែលជាអគ្គលេខាធិការចាស់ដ៏មានឥទ្ធិពល បានវិលចូលមកកាន់ការងារជាអគ្គលេខាធិការ វិញបន្ទាប់ពីលោកបោះបង់ចោលរយៈពេលស្ទើរតែ ៥ឆ្នាំមកហើយ។

ក្រោយពីជាប់ជាអគ្គលេខាធិការឡើងវិញនោះ លោក ស៊ុន សុទ្ធារិទ្ធ បានឲ្យថា នាបច្ចុប្បន្ននេះកីឡាករជម្រើសជាតិ ៥នាក់ ស្រី១នាក់ កីឡាករថ្នាលមាន ៨នាក់ ស្រី ៣នាក់ យុវកីឡាស្ម័គ្រចិត្តចូលហ្វឹកហាត់មាន ៨នាក់ ស្រី ២នាក់ គ្រូបង្វឹកជម្រើសជាតិ និងថ្នាល់ ៣នាក់ អាជ្ញាកណ្តាលថ្នាក់អន្តរជាតិ ១នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ ៣នាក់ ក្លិបនៅទូទាំងប្រទេសចំនួន ២៥ និងខេត្ត ចំនួន ៩ក្លឹប និងនៅតាមបណ្តាលក្លឹបនីមួយៗមានគ្រូពី ១ទៅ២នាក់។

ឯកឧត្តម ស សុខា បានទាមទារឲ្យប្រមុខដឹកនាំថ្មីបង្កើតឲ្យមានព្រឹត្តិការប្រកួតឲ្យបានច្រើនដើម្បីបង្កើនសមត្ថភាព របស់កីឡាករ-កីឡាការិនី។ រីឯឯកឧត្តម ថោង ខុន ក៏បានបញ្ជាក់ដែរថា កីឡាបើមានការប្រកួតកាន់តែច្រើនគឺកាន់តែល្អ ប៉ុន្តែបើគ្មានការប្រកួតទេនោះគឺអាចប្រឈមនឹងការលំបាក។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានបង្ហាញពីទឹកចិត្តក្នុងការបំពាក់ឡើងវិញនូវតុសម្រាប់ហ្វឹកហាត់ និងប្រកួតឲ្យបានល្អជាងនេះ រៀបចំនូវទីតាំងហ្វឹកហាត់ឲ្យបានប្រសើរ ព្រមទាំងគិតគូរពីការបញ្ជូនកីឡាករ កីឡាការិនីទៅហាត់នៅក្រៅប្រទេស ឬក៏អញ្ជើញគ្រូមកបង្ហាត់នៅក្នុងប្រទេស។

លោកក៏បានបញ្ជាក់ដែរថានាពេលដ៏ខ្លីខាងមុខនេះលោកនឹងរៀបចំប្រតិភូមួយទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរេ ដែលគេអញ្ជើញទោដោយគេធានាប៉ាវទាំងអស់ ។ក្រៅពីកូរេលោកក៏សម្លឹងទៅប្រទេសចិន និងជប៉ុនដែលជាកន្លែងហ្វឹកហាត់ ដ៏ល្អសម្រាប់កម្ពុជា៕

 

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់