ឯកឧត្តម វ៉ាត់ ចំរើន៖ «យើងត្រូវលើកតម្កើនស្រ្តី ព្រោះស្ដ្រីមានចំណុចពិសេសជាច្រើនក្នុងវិស័យកីឡា»

មាស សុផាណារ៉ុង November 21, 2019


 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា៖ «យើងត្រូវលើកតម្កើនស្រ្តី ព្រោះស្ដ្រីមានចំណុចពិសេសជាច្រើនក្នុងវិស័យកីឡា»។ ថ្លែងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាស្ដីអំពីសមភាពស្ដ្រីក្នុងវិស័យកីឡា ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយគណៈកម្មការស្ដ្រី និងកីឡា នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅទីស្នាក់ការ NOCC ។

លោកបានថ្លែងបែបនេះថា ហេតុផលដែលត្រូវលើកតម្កើនស្ដ្រី ព្រោះស្ដ្រីមានចំណុចពិសេសជាច្រើនក្នុងវិស័យកីឡា ជាក់ស្ដែងក្នុងប្រទេសកម្ពុជា ស្ដ្រីបានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រល្អៗជាច្រើន ហើយមានរឿងមួយចំនួន ក៏បុរសធ្វើមិនទាន់បានដែរ ដូចជាការប្រកួតកីឡាអាស៊ី ដែលស្ដ្រីអាចដណ្ដើមបានមេដាយមាសជូនជាតិ ខណៈបុរសធ្វើមិនទាន់បានឡើយ។

មួយវិញទៀត ស្ដ្រីក៏ជាអ្នករកបានមេដាយមាសពិភពលោកជូនកម្ពុជា មុនបុរសផងដែរ។ នៅមានហេតុផលជាច្រើនទៀតដែលប្រជាពលរដ្ឋ និងគ្រួសារកីឡាទាំងអស់ ត្រូវយកចិត្តទុកដាក់ និងលើកតម្កើនស្ដ្រី ដ្បិតប្រទេសកម្ពុជា បានប្រកាន់ភ្ជាប់នូវមាតាធិបតេយ្យ។

គួរបញ្ជាក់ថា សិក្ខាសាលាសមសភាពស្ដ្រីក្នុងវិស័យកីឡា គ្រោងធ្វើឡើងរយៈពេល ១ថ្ងៃពេញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានសិក្ខាកាមទាំងអស់សរុប ១៧០នាក់ ហើយក៏មានការចូលរួមធ្វើបទបង្ហាញពីលោកស្ដ្រីសាស្ដ្រាចារ្យ Suphit Samahito ប្រធានគណៈកម្មការស្ដ្រី និងកីឡា នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង 

មតិយោបល់