E-Sport បង្កើតកំណត់ត្រាថ្មីនៅភ្នំពេញ ក្រោយមានអ្នកចូលរួមគាំទ្រជាង ១៥,០០០នាក់

មាស សុផាណារ៉ុង November 21, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sport) បានបង្កើតកំណត់ត្រាថ្មីមួយ នៅរាជធានីភ្នំពេញ ក្រោយមានអ្នកចូលរួមគាំទ្រជាង ១៥,០០០នាក់ កាលពីពេលថ្មីៗនេះ នេះបើតាមការឲ្យដឹងពីមន្ត្រីសហព័ន្ធ។

នេះជាលើកដំបូងហើយ និងជាប្រវត្តសាស្ត្រថ្មីមួយរបស់សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sport) ដែលបានទាក់ទាញ់អ្នកគាំទ្រចូលរួមទស្សនាការប្រកួតរបស់ខ្លួនរហូតទៅដល់ ១,៥០០០នាក់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ កាលពីពេលថ្មីៗកន្លងទៅនេះ។ ខណៈដែលកន្លងមក ធ្លាប់តែមានមហាជនចូលរួមទស្សនាការប្រកួតបាល់ទាត់តែប៉ុណ្ណោះ ដែលមានចំនួនច្រើនលើសលុបនោះ។

បើតាមមន្ត្រីសហព័ន្ធបានឱ្យដឹងថា កម្មវិធីដែលមានឈ្មោះ Water Festival X MLBB នេះ រៀបចំឡើងដើម្បីផ្សាភ្ជាប់ទៅនឹងសកម្មសង្គម ដូចជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលជាពិធីបុណ្យធំមួយឆ្នាំមានម្តង ហើយក៏ជាវេទិកា សម្រាប់កីឡាករ-កីឡាការិនី និងយុវជនជួបជុំ និងសាកល្បងថ្វីដៃ ក្នុងគោលបំណងបង្កើតចំណងមិត្តភាព សមត្ថភាព និងអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកផងដែរ។

គួបញ្ជាក់ផងដែរថា កម្មវិធីនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនទូរស័ព្ទ Cellcard ហើយក្រៅពីជាឱកាសជុំជួប និងប្រកួតលក្ខណៈមិត្តភាព ក៏មានការរៀបចំវេទិការចូលរួមទស្សនាការប្រកួតជើងឯកពីភពលោក Mobile Legends: Bang Bang World Championship ដែលមានការផ្សាយបន្ដផ្ទាល់ពីប្រទេសម៉ាឡេស៊ីទៀតផង៕

 

រូបភាព៖ Mobile Legends: Bang Bang

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់