ក្រុមអ្នកស្រី កែ ឡេង បន្តក្ដីសង្ឃឹម ក្រោយឈ្នះជុំទី៣ យប់មិញនេះ

មាស សុផាណារ៉ុង November 21, 2019


 

ភ្នំពេញ៖ ក្រុមរបស់អ្នកស្រី កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក ៣ជំនាន់ ទទួលបានកៅអីឡើងទៅបន្តទៀតហើយ ក្រោយប្រកួតឈ្នះក្រុមទុយណេស៊ី ក្នុងលទ្ធផល ១៣-៦ពិន្ទុ កាលពីយប់ម្សិលមិញនេះ ក្រោមការចូលរួមទស្សនាលើកទឹកចិត្តពីថ្នាក់ដឹកនាំ គឺឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី ២០ ខែ វិច្ឆិកាម្សិលមិញដូចគ្នា ក្នុងជុំទី២ ខណៈពេលដែលក្រុមអ្នកស្រី កែ ឡេង ប្រកួតយកឈ្នះលើក្រុមកីឡាការិនីមីយ៉ាន់ម៉ា ១៣-៤ពិន្ទុ នោះក៏មាន ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជា ចូលរួមទស្សនាលើកទឹកចិត្តគាំទ្រផង។ ស្របពេលជាមួយនឹង ក្រុមកីឡាការិនីប៉េតង់កម្ពុជា (ក្រុមទី២) ក៏ទទួលបានលទ្ធផលគួជាទីគាំចិត្តផងដែរ ក្រោយវាយបកឈ្នះក្រុមកីឡាការិនីម៉ាដាហ្គាស្កា ដោយលទ្ធផល ១៣-១២ពិន្ទុ បន្ទាប់ពីត្រូវគូប្រកួតនាំមុខ ១០ទល់០ មុន។

ក្នុងការប្រជែងទៅបានកៅអីជុំទី៤ ជាមួយនឹង អ្នកស្រី កែ ឡេង នោះគឺមាន កីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា។ ប៉ុន្ដែយ៉ាងណាការប្រកួត ក្រុមកីឡាការិនីកម្ពុជា ត្រូវឆ្លងកាត់ការប្រកួតជាច្រើនវគ្គទៀត ដើម្បីឆ្ពោះទៅប្រជែងមេដាយជូនជាតិ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដែលជាថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោកយុវជន និង ស្រ្តីនេះ វីរកីឡាការិនីប៉េតង់ឆ្នើម កែ ឡេង និងមិត្តរួមក្រុម៣នាក់ទៀតនៅតែអាចធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្រុមកីឡាការិនីឡេតូនី ១៣-៣ លើវិញ្ញាសា ៣នាក់ទល់៣នាក់ ម្ចាស់មេដាយមាសពិភពលោក ៣ជំនាន់ រូបនេះ ក៏ធ្វើបានល្អផងដែរក្នុងវិញ្ញាសាវាយយកពិន្ទុ។

ជាមួយគ្នានេះផងដែរ សម្រាប់ការប្រកួតរបស់ក្រុមទី២ នៃក្រុមកីឡាការិនីកម្ពុជា ក៏បានព្យាយាមរហូតបង្កើតរឿងស្ទើរមិនគួរឲ្យនឹកស្មាន បន្ទាប់ពីក្រុមម៉ាដាហ្គាស្កា បាននាំមុខកម្ពុជា ១០-០ពិន្ទុមុន តែក្រុមកីឡាការិនីកម្ពុជា នៅតែខំប្រឹង រហូតដណ្ដើមបានជ័យជម្នះវិញ ១៣-១២ពិន្ទុ។ ជាមួយការដណ្ដើមបានជ័យជម្នះដ៏អស្ចារ្យ ដើម្បីបន្ដដំនើរទៅជុំទី៣ នេះ ក្រុមទី២ របស់កម្ពុជា គឺមានសមាសភាពកីឡាការិនី ៤រូប រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និងកីឡាការិនី បង ចន្ថា។

គួរបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ គឺគ្រោងឡើង ៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានក្រុមកីឡាករ-កីឡាការិនីមកពី ៤៩ប្រទេសចូលរួមប្រកួត។ សម្រាប់ការប្រកួតផ្នែកយុវជន គឺមាន ៣០ក្រុមចូលរួម ខណៈផ្នែកស្ដ្រី គឺមាន ៥០ក្រុមចូលរួម៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់