យុវជន និងកីឡាការិនីកម្ពុជា ឡើងវគ្គ ៨ក្រុមលើវិញ្ញាសាវាយយកពិន្ទុ ជើងឯកយុវជន និងនារីពិភពលោក

មាស សុផាណារ៉ុង November 20, 2019


 

ភ្នំពេញ៖ កីឡាករ-កីឡាការិនីកម្ពុជា បានឡើងវគ្គ ៨ក្រុមចុងក្រោយ ហើយលើវិញ្ញាសាវាយយកពិន្ទុ នៃព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមាន៤៩ប្រទេសចូលរួម។

លោក សូម៉ៃ សុខគា ប្រធានប្រតិភូកម្ពុជាបានមានប្រសាសន៍ថា កីឡាការិនី កែ ឡេង និងកីឡាករយុវជន ឃួន លីហ៊ បានឡើងវគ្គ ៨ក្រុមចុងក្រោយលើវិញ្ញាសាវាយយកពិន្ទុ។ សម្រាប់វិញ្ញាសាវាយយកពិន្ទុនារី កីឡាការិនី កែ ឡេង (កម្ពុជា) ន័រវែល, ឡាវ, មីយ៉ាន់ម៉ា, បែលហ្ស៊ិក, ថៃ, ចិន និងកាណាដា។ ចំណែកកីឡាករ ឃួន លីហ៊ វិញរួមមាន ម៉ាដាហ្គាស្កា, ម៉ូណាកូ, អ៊ីតាលី, ស្វីល, ថៃ, បារាំង, កម្ពុជា និងអាល្លឺម៉ង។

លោកបានបន្តថា ចំពោះការប្រកួត វិញ្ញាសា៣ទល់៣នាក់នារី៖ ក្រុមទី១ មានកីឡាការិនី កែ ឡេង ជាម្ចាស់មេដាយមាសជើងឯកពិភពលោក ៣សម័យកាល, កីឡាការិនី អ៊ុក ស្រីមុំ, កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា បានយកឈ្នះក្រុមកីឡាការិនី មកពី Latvia លទ្ធផល ១៣ទល់៣។

ដោយឡែកវិញ្ញាសា ៣ទល់៣នាក់យុវជន៖ ក្រុមទី១ មានកីឡាករ ឃួន លីហ៊, កីឡាករ កុយ សុភក្ត្រា, កីឡាករ ភាព រ៉ាឃីម និងកីឡាករ គង់ កែវសុខាន់ ក៏បានយកឈ្នះក្រុមកីឡាករមកពី Latvia លទ្ធផល ១៣ទល់០។

ចំពោះក្រុមទី២ មានកីឡាករ ទីវ រដ្ឋា, កីឡាករ ពុត យ៉ុនច័ន្ទដារ៉ា, កីឡាករ វ៉ាន ភារុណ និងកីឡាករ ហេង ស៊ីណា បានយកឈ្នះក្រុមកីឡាករមកពីចក្រភពអង់គ្លេស លទ្ធផល ១៣ទល់៩។ ចំណែកកីឡាការិនីក្រុមទី២ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម, កីឡាការិនី វង ចន្ថា, កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា បានយកឈ្នះកីឡាការិនីតួរគី ១៣ទល់១៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់