ស សុខា ក្នុងពិធីបើកប៉េតង់ជើងឯកពិភពលោក៖ «…ព្រឹត្តិការណ៍នេះបង្ហាញពីការរីកចម្រើនជាវិជ្ជមាននៃកីឡាប៉េតង់នៅកម្ពុជា លើឆាកអន្តរជាតិ…»

មាស សុផាណារ៉ុង November 20, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់យុវជន និងនារីពិភពលោក លើកទី១៧ បានចាប់ផ្ដើមហើយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ក្រោមការចូលរួមពីឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតងកម្ពុជា និងលោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិ បានអញ្ជើញចូលរួមក្នុពិធីសម្ភោធន៍បើកការប្រកួតនេះ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធប៊ូល និងប៉េតង់នៃប្រទេសកម្ពុជា និងគណៈកម្មាធិការទូទៅនៃការប្រកួត កីឡាប៉េតង់យុវជន និងនារី ពិភពលោក លើកទី១៧ សូមថ្លែងអំណរគុណចំពោះ លោក Claude Azema ប្រធានសហព័ន្ធអន្តរជាតិ (FIPJP) គណៈកម្មាធិការបច្ចេកទេសអន្តរជាតិ និងប្រទេសចំនួន ៤៩ផ្សេងទៀត ដែលបានផ្តល់ឲ្យយើងនូវឱកាស និងការជឿជាក់លើពួកយើងឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ហើយខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងអស់ដែលមកពី ៤៩ប្រទេស (៨០ ក្រុម) មកផ្ទះរបស់យើង។»

«ព្រឹត្តិការណ៍នេះបង្ហាញពីការរីកចម្រើនជាវិជ្ជមាននៃកីឡាប៉េតង់នៅកម្ពុជា លើឆាកអន្តរជាតិដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយឈរលើមូលដ្ឋានសន្តិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពលើគ្រប់វិស័យរបស់រដ្ឋាភិបាលតាមរយៈការអនុវត្តដំណាក់កាលទី៤ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងចក្ខុវិស័យនៃទិសដៅបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។» ឯកឧត្តមបានបន្ថែម។

លោកបានបន្តថា ក្រៅពីការឈ្នះ និងចាញ់ ការប្រកួតប្រជែងនេះផ្តោតលើកិច្ចសហប្រតិបត្តិការ ការប្រាស្រ័យទាក់ទង និងមិត្តភាព ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិ ភាសា និងសាសនា ផ្សេងៗគ្នាដើម្បីចែករម្លែកទស្សនៈរួមមួយសម្រាប់ភាពសុខដុមនៃគ្រួសារប៉េតង់។

កម្ពុជាបានក្លាយជាសមាជិកនៃ FIPJP ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ កម្ពុជា ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានឥទ្ធិពលបំផុតនៅក្នុងការប្រកួតប៉េតង់ ទាំងក្នុងតំបន់ និងអន្តរជាតិ ដោយសារតែដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធជាបន្តបន្ទាប់។

លោកប្រធានបន្ថែមថា កម្ពុជាពិតជាមានកិត្តិយសណាស់ដែលមានឱកាសធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាប៉េតង់ពិភពលោក នេះជាលើកដំបូង ដោយសារតែស្នាដៃសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន បានកសាងគ្រឹះរឹងមាំ និងត្រួសត្រាយផ្លូវយ៉ាងរលូនសម្រាប់ទាំងអស់គ្នា។ ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជា ដែលមានកីឡាករ-កីឡាការិនី មានសក្ដានុពលខ្ពស់លើប្រភេទកីឡានេះបានដាក់ក្ដីសង្ឃឹមថានឹងប្រជែងបានមេដាយជាមិនខានឡើយ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់