អត្តពលិកកម្ពុជា ប្រមាណ ៣០០នាក់ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួម SEA Games នៅប្រទេសហ្វីលីពីន

មាស សុផាណារ៉ុង November 20, 2019


 

ភ្នំពេញ៖ ប្រតិភូកីឡាកម្ពុជាចំនួន ជាង៣០០នាក់ នឹងត្រូវចេញទៅចូលរួមប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEAGames ) លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្ពុជាបានបញ្ជូនប្រតិភូកីឡាដែលមានថ្នាក់ ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ៣១ប្រភេទកីឡា សរុបមានចំនួន ៤៤៧នាក់ ក្នុងនោះអត្តពលិក មានចំនួន ២៨៩នាក់។

ចំពោះកីឡាទាំង ៣១ប្រភេទនោះវិញរួមមាន កីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូកប្រពៃណី-ទូកកានូ, ឃីក-ប៊ុកស៊ីង (Kick-Boxing), កីឡាអេឡិចត្រូនិច (E-Sports), កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។

បើតាមឯកឧត្តម វាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មដឹកនាំប្រតិភូកីឡាកម្ពុជា ឲ្យដឹងថា នៅក្នុងចំណោម ៣១ប្រភេទកីឡា កម្ពុជាមានជំនឿចិត្តលើជាង ១០ប្រភេទកីឡា ដែលមានសក្ដានុពលក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទ កីឡាតេក្វាន់ដូ WT (World Taekwondo), ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ ,ការ៉ាតេ និងសូហ្វតឺនីស្ត ជាដើម។

គួររំលឹកផងដែរថា កាលស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសចំនួន១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្ដើមបានមេដាយមាស ៣គ្រឿង, ប្រាក់ ២គ្រឿង និងសំរិទ្ធ ១២គ្រឿង។

ដោយឡែកសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយនឹងបញ្ចប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយនេះក៏ជាលើកទី៤ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នេះ ធ្វើឡើងក្រោមបាវចនា «យើងឈ្នះជារួម – We Win As One» ជាមួយនឹងកីឡាដែលដាក់ឲ្យប្រកួតមានចំនួន ៥៦ប្រភេទ លើ ៥២៩វិញ្ញាសា នោះគេបានរំពឹងទុកជាមុនថានឹងមានអត្តពលិកចូលរួមចំនួន ៩,៨៤០នាក់៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់