មកដឹងវិញ្ញាសា ពីប្រភេទកីឡាដែលមានមេដាយច្រើនជាង «អត្តពលកម្ម» ក្នុងស៊ីហ្គេម លើកទី៣០

មាស សុផាណារ៉ុង November 19, 2019


 

ភ្នំពេញ៖ នៅសល់រយៈពេលជាង ១ថ្ងៃទៀត ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( Southeast Asian Games ) នៅប្រទេសហ្វីលីពីន នឹងចូលមកដល់ដែលលើកទី៣០ ជាមួយនឹងការចូលរួមពីប្រទេសក្នុងតំបន់ទាំង១០ បូក១។

យ៉ាងណាមិញ មុនព្រឹត្តិការណ៍មកដល់ ក៏សុំធ្វើការណែនាំ ប្រភេទកីឡាអត្តពលកម្ម ដែលជាកីឡាប្រមូលផ្ដុំនៃព្រឹត្តិការណ៍កីឡាដែលពាក់ព័ន្ធនឹងការរត់ប្រណាំង កាលោត ការបោះ និង ការដើរ ជាដើម។

អត្តពលកម្ម ត្រូវបានគេចាត់ទុកថាគឺជាប្រភពនៃមេដាយមាស ដែលមានច្រើនជាងគេបំផុតនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ពិសេស ក្នុងការប្រកួតកីឡាអូឡាំពិក ការប្រកួតកីឡាអាស៊ី និងស៊ីហ្គេម នេះផ្ទាល់តែម្ដង ស្របពេលដែលប្រទេសដែលមានសក្ដានុពលលើប្រភេទកីឡាអត្តពលកម្មនេះ អាចនឹងមានឱកាសប្រជែងយកមេដាយ។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ លើប្រភេទកីឡាអត្តពលកម្មវៀតណាម ប្រជែងបានមេដាយចំនួនសរុបចំនួន ៣៤គ្រឿង ដែលក្នុងនោះមេដាយមាស ១៧គ្រឿង ប្រាក់ចំនួន ១១គ្រឿង និងសំរិទ្ធ ៦គ្រឿង។ កាលនោះវៀតណាម ទម្លាក់ថៃទៅចំណាត់ថ្នាក់លេខ២ ដោយបានមេដាយ មាស ៩គ្រឿង ប្រាក់ ១៣គ្រឿង និងសំរិទ្ធ ១១គ្រឿង ក្នុងខណៈដែលម៉ាឡេស៊ី ជាម្ចាស់ផ្ទះឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយនឹងមេដាយមាស ៨គ្រឿង មេដាយប្រាក់ ៨គ្រឿង និងមេដាយសំរិទ្ធ ៩គ្រឿង។

យ៉ាងណាមិញ សម្រាប់កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន នេះប្រភេទកីឡាអត្តពលកម្មសម្រាប់បុរសមាន ២៤វិញ្ញាសា និងនារីមាន ២៣វិញ្ញាសា។ វិញ្ញាសាទាំងនោះមាន រត់ ១,០០០ម៉ែត្របុរស -នារី, រត់ ១០០ម៉ែត្របុរស-នារី, រត់ឆ្លងកាត់ឧបសគ្គ ១០០ម៉ែត្របុរស និង ១០០ម៉ែត្រនារី។ រត់ ២០០ម៉ែត្របុរស-នារី, រត់ ១,៥០០ម៉ែត្របុរស-នារី, រត់ Steeplechase ៣,០០០ម៉ែត្របុរស-នារី ដើរចម្ងាយ ២០គីឡូម៉ែត្រ បុរស-នារី។ រត់ឆ្លងកាតឧបសគ្គ ៤០០ម៉ែត្របុរស-នារី, រត់ ៤០០ម៉ែត្របុរស-នារី, រត់បណ្ដាក់ ៤០០ម៉ែត្រ ៤ដងបុរស-នារី, រត់បណ្ដាក់ ១០០ម៉ែត្រ ៤ដងបុរស-នារី, ដើរប្រណាំងចម្ងាយ ៥០គីឡូម៉ែត្របុរស, រត់ ៨០០ម៉ែត្រនារី, ម៉ារ៉ាតុងបុរស-នារី ក្រៅពីនេះនៅមានវិញ្ញាសា លោតកំពស់, លោតចម្ងាយ, ចោលថាស, ញញួរ, ស្នល ទៀតផង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយនឹងបញ្ចប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយនេះក៏ជាលើកទី៤ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ លើកទី១ នៅឆ្នាំ១៩៨១ ដែលកម្ពុជា នៅមិនទាន់បានចូលរួមនៅឡើយ លើកទី២ ឆ្នាំ១៩៩១ លើកទី៣ ឆ្នាំ១០០៥ និងលើកទី៤ ឆ្នាំ២០១៩ នេះតែម្ដង។

 

រូបភាព៖ insidethegames | justrunlah

អត្ថបទ៖ វ៉ាន្នី

មតិយោបល់