អត្តពលិកប៉េតង់ជាតិ និងអន្តរជាតិ ៤៤៩នាក់ នឹងប្រជែងគ្នាដណ្ដើមជើងឯកពិភពលោកនៅកម្ពុជា ស្អែកនេះ

មាស សុផាណារ៉ុង November 18, 2019


 

ភ្នំពេញ៖ យុវជន ៣០ក្រុម និងស្រ្ដី ៥០ក្រុម ស្មើនឹងអត្តពលិក ៤៤៩នាក់ មកពី ៤៩ប្រទេសជុំវិញពិភពលោក បានមកដល់ក្នុងព្រះរាជាណាចក្រកម្ពុជាអស់ហើយ គិតត្រឹមថ្ងៃនេះ ដើម្បីមកចូលរួមប្រជែងណ្ដើមយកជើងឯកនៅក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៩ ខែវិច្ឆិកានារសៀលស្អែកនេះ។ ខណៈដែលការចាប់ពូលនឹងធ្វើព្រឹកឡើងថ្ងៃទី១៩ដ៍ដែរ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និង កីឡា (CNE)។

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម ស សុខា បានចាត់ទុកការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះថា៖ «ជាមោទនភាពរបស់កម្ពុជា។ មកដល់ម៉ោងនេះ ខ្ញុំគិតថា គ្រប់ផែនការ និងសកម្មភាព ក៏ដូចជាគណៈកម្មការនីមួយៗ គឺយើងមិនមានអ្វីជាការព្រួយបារម្ភនោះទេ ដោយសារតែគ្រប់គណៈកម្មការមានការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ។»

ជាមួយគ្នានេះផងដែរ ក្រុមប៉េតង់កម្ពុជាត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងទាំង៨ នៅលើពិភពលោក និងជាក្រុមខ្លាំងប្រចាំនៅអាស៊ី ជាមួយថៃ ហើយការទទួលបានងារជាក្រុមខ្លាំងនេះ ក៏ព្រោះតែក្រុមប៉េតង់កម្ពុជា ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ និងពានកិត្តិយសនៅលើឆាកអន្តរជាតិសឹងតែរាប់ភ្លេចទៅហើយ ជាពិសេសសម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក កន្លងមក ក្រុមប៉េតង់កម្ពុជាធ្លាប់ឈ្នះបានមេដាយមាស ៥ ប្រាក់ ១ និងមេដាយសំរឹទ្ធ ៣ផងដែរ។

គួបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ មានវិញ្ញាសាប្រកួតផ្នែកយុវជនមាន ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ ៣ ទល់ ៣។ រីឯផ្នែកស្ដ្រីមាន ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ ៣ ទល់ ៣។ ចំណែកវិញ្ញាសា សមាគមមាន ២វិញ្ញាសា គឺវាយ ៣ ទល់ ៣៕

 

រូបភាព៖ Petanque Cambodia – សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់