ក្រុមម៉ូតូធំជាង ៥០គ្រឿង ដង្ហែរក្បួនម៉ូតូជុំវិញកោះពេជ្រ អបអរព្រឹត្តិការណ៍ Motorrad Angkor Festival 2019

មាស សុផាណារ៉ុង November 18, 2019


 

ភ្នំពេញ៖ ខណៈពេលដែលព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ នៅក្នុងខេត្តសៀមរាប នាថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនោះ ក្រុមម៉ូតូធំដែលប្រភេទម៉ូតូជិះឆ្លងឧបសគ្គឬជិះឆ្លងកាត់តំបន់ប្រទេសមាន កម្ពុជា – បណ្តាប្រទេសអាស៊ានបានជួបជុំគ្នានៅរាជធានីភ្នំពេញជាង៥០នាក់ បានរៀបចំក្បួនដង្ហែរអបអរព្រឹត្តិការណ៍នេះ។

ព្រឹតិ្តការណ៍ Motorrad Angkor Festival 2019 នេះនឹងមានការប្រណាំងម៉ូតូ ការតាំងពិព័រណ៍ម៉ូតូ និងផលិតផលថ្មីៗគ្រប់ប្រភេទ ការប្រគំតន្ត្រី រយៈពេលបីថ្ងៃ ដែលគ្រោងទុកថានឹងអ្នកចូលរួមនិងភ្ញៀវទេសចរណ៍មកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះប្រមាណ៥ម៉ឺននាក់នៅក្រុងសៀមរាប។

ប្រធានក្លឹប BMW Motorcycle Club Cambodia លោក អ៊ុ ប៊ុនរ៉េត បានមានប្រសាសន៍ថា សហព័ន្ធកីឡាយានយន្តកម្ពុជា រៀបចំឡើងក៏ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សីលធម៌ ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម។ មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីរៃអង្គាសថវិកាសម្រាប់ការងារមនុស្សធម៌ផងដែរ។

លោកបន្តថា៖ ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍ ក៏ដូចជាជម្រុញសេដ្ឋកិច្ច នៅកម្ពុជា ឱ្យកើនឡើង ហើយមិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះក៏ជម្រុញឱ្យកម្ពុជាកាន់តែត្រូវបានពិភពលោកស្គាល់រឹងតែច្រើនឡើង។

គួបញ្ជាក់ផងដែរថា៖ ក្រុមកីឡាករម៉ូតូមកពីប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន និងប្រទេសមួយចំនួនទៀត ដែលតាមគម្រោងទុកអាចមានចំនួនជាង១.០០០នាក់។ ប៉ុន្តែនៅក្នុងនោះសមាជិកប្រទេសថៃ មាន ២០០នាក់ជាងហើយ ប៉ុន្តែកំពុងតែបន្តចុះឈ្មោះទៀត ហើយនៅមិនទាន់ជាក់លាក់ចំនួនសរុបបានឡើយ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់