ស្វែងយល់ពីប្រភេទកីឡា Kurash ដែលមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នេះ

មាស សុផាណារ៉ុង November 18, 2019


 

ភ្នំពេញ៖ Kurash គឺជាពាក្យមួយនៃភាសាទួគី ដែលប្រើសម្រាប់ពាក្យចំបាប់ សំដៅទៅលើក្បាច់ចំបាប់ប្រជាប្រិយមួយចំនួនដែលកំពុងតែពេញនិយមនៅតំបន់អាស៊ីកណ្តាល និងមួយផ្នែកនៃប្រទេសអឺរុប។

តំបន់ខ្លះប្រភេទកីឡានេះគេហៅថា Kuresh ឬ Koresh ប្រភេទកីឡានេះគេប្រកួតគ្នាដោយប្រើកន្សែង ឬក្រណាត់ដែលស្រដៀងគ្នាជាមួយនឹងកន្សែងដើម្បីទាញ ដើម្បីបោក ឬគ្រវែងគូប្រកួតទៅរកគោលដៅមួយដើម្បីឲ្យខ្លួនក្លាយជាអ្នកឈ្នះ។

គេនៅចាំបានថានៅចន្លោះឆ្នាំ១៩៥៩ដល់១៩៦០កីឡាចំបាប់សេរី (Free Style) ចំបាប់ក្រិចកូ (Greco) និងសាំបូ (Sambo) មានការរីកចម្រើនខ្លាំង នៅអតីតសហភាពសូវៀត។ អត្តពលិកមកពីតំបន់អាស៊ីកណ្ដាល ឬអតីតសហភាពសូវៀត បានចូលរួមប្រកួតគ្នាជាលើកដំបូងនាឆ្នាំ១៩៥៩។

ការប្រកួត Kurash ចាប់ផ្តើមដោយអ្នកលេងទាំងពីរនាក់នៅក្នុងទីតាំងដែលគេហៅថា Tazim ហើយមានវិធីបីយ៉ាង ដែលពួកគេអាចរកពិន្ទុបាន គឺទី១ គេហៅថាហាឡាល (Halal) នោះគឺការគ្រវែងគូប្រកួតឲ្យដួលយ៉ាងរហ័សជាមួយនឹងការគ្រប់គ្រងគូប្រកួតមិនឲ្យប្រកួតបន្តបាន។ ទី២ គេហៅថាយ៉ាមប៊ូស (Yambosh) ដែលនេះមិនមែនជាការបោករបៀបហាឡាល នោះទេតែជាការបោកដោយឲ្យគូប្រកួតដួលនៅក្បែរខ្លួន។ ចំពោះការយកឈ្នះរបៀបទី៣ គឺជាការបោកដោយឡែកមួយក្បាច់ទៀតខុសប្លែកពី២ ក្បាច់មុន។ ស្នៀតទី៣ នេះគេហៅថាឆាឡា (Chala)។

Kurash គឺជាកីឡាមួយ ក្នុងចំណោមកីឡាដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ចុងក្រោយនៅប្រទេសឥណ្ឌូនេស៊ី គឺជាព្រឹត្តិការណ៍ចំបាប់មួយដែលមានប្រជាប្រិយភាពខ្លាំង នៅអាស៊ីកណ្តាល ដែលកាលនោះការប្រកួតរៀបចំឡើងនៅទីក្រុងហ្សាការតា និងទីក្រុងប៉ាឡាំបាង។

Kurash ត្រូវបានគេរៀបចំឲ្យមានការប្រកួតជើងឯកពិភពលោកជាលើកដំបូង នៅឆ្នាំ១៩៩៩ នាទីក្រុងតាស្គែន ប្រទេសអ៊ូបេគីស្ថាន កាលនោះការប្រកួតជើងឯកបានធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០០២ ទើបផ្អាក។ ឆ្នាំ២០០៥ ទើបការប្រកួតជើងឯកពិភពលោកចាប់ផ្ដើមឡើងវិញដែលឆ្នាំ២០០៥ នោះការប្រកួតធ្វើនៅទីក្រុងតាសស្គែន ប្រទេសអ៊ូបេគីស្ថាន ដដែល។ ចាប់ពីពេលនោះមកការប្រកួតធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង គឺធ្វើរៀងរាល់ឆ្នាំសេសដូចស៊ីហ្គេមដែរ។

បញ្ជាក់ថា ការប្រកួតជើងឯកពិភពលោកចុងក្រោយធ្វើនៅឆ្នាំ២០១៧ នាទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសទួកគី៕

 

រូបភាព៖ ashgabat2017 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់