ក្រុមតេក្វាន់ដូ WT កម្ពុជា វិលត្រឡប់ពីហ្វឹកហាត់នៅកូរ៉េខាងត្បូង ក្រោយចំណាយពេល ២ខែ

មាស សុផាណារ៉ុង November 18, 2019


 

ភ្នំពេញ៖ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២១៩ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT (World Taekwondo) ចំនួន ៩រូប ដែលធ្វើការហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ បានវិលត្រឡប់ពីមាតុប្រទេសវិញហើយ បន្ទាប់ពីហ្វឹកហាត់ព្រមទាំងប្រកួតដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES 2019 ) លើកទី៣០ នៅប្រទេសហ្វីលីពីន។

លោក គង់ សក្ខិដា អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានមានប្រសាសន៍ថា ក្នុងចំណោមអត្តពលិក ទាំង៩រូបនោះមានកីឡាករចំនួន ៥រូប និងកីឡាការិនីចំនួន ៤រូប ក្នុងនោះមានកីឡាការិនី ស៊ន សៀវម៉ី មួយរូបដែរ។

លោកបានបន្ថែមទៀតថា ការហ្វឹកហាត់នៅប្រទេសកូរ៉េបានចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក គិតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រយៈពេល ២ខែទើបត្រឡប់មកវិញ និងបន្តហាត់នៅក្នុងប្រទេស ១៥ថ្ងៃទៀត មុនចេញដំណើរទៅប្រទេសហ្វីលីពីន។

លោកអគ្គលេខាធិការបានអះអាងថាតេក្វាន់ដូ WT មិនត្រឹមតែមានមហិច្ឆតាចង់ឈ្នះមេដាយ SEA GAMES ប៉ុណ្ណោះទេ តែត្រូវចូលរួមជម្រុះអូឡាំពិកនៃការប្រកួតកីឡាអូឡាំពិក តូក្យូ២០២០ ( 2020 Tokyo Olympic ) ក្រៅពីកីឡាការិនី ស៊ន សៀវម៉ី កម្ពុជានៅមានកីឡាការិនីខ្មែរសញ្ជាតិអាមេរិក និងកីឡាករវ័យក្មេងៗប្រកបដោយគុណភាពទៀតផង៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ ណារ៉ុង

មតិយោបល់