៥០ប្រទេស ចុះឈ្មោះចូលរួមប្រកួតប៉េតង់ជើងឯកពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

មាស សុផាណារ៉ុង November 14, 2019


 

ភ្នំពេញ៖ បើតាមការឲ្យដឹងពី សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នោះថាការប្រកួតកីឡាប៉េតង់ជើងឯកយុវជន និងនារីពិភពលោក ( World Women and Junior Petanque Championships ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះមានប្រទេសចូលរួមចំនួន៥០។

នេះជាលើកដំបូងហើយដែលព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកមានប្រទេសចូលរួមរហូតដល់ទៅ ៥០ប្រទេស បែបនេះ។ ចំពោះក្រុមដែលចូលរួមមានរហូតដល់ទៅ ៨០ក្រុម ដែលក្នុងនោះក្រុមនារីចំនួន ៥០ក្រុម និងក្រុមបុរស មានចំនួន ៣០ក្រុម ដែលមានកីឡាករ​-កីឡាការិនី សរុបចំនួន ៤៤៩នាក់។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន ៦វិញ្ញាសា គឺ ៣នាក់ទល់៣នាក់បុរស និង ៣នាក់ទល់៣នាក់នារី។ វិញ្ញាសា វាយមួយទល់មួយ គឺវិញ្ញាសាវាយយកពិន្ទុ (Shooting) និងការប្រកួតដណ្ដើម ពានសមាគម។ សូមបញ្ជាក់ថា ការប្រកួតដណ្ដើមពានសមាគមនេះធ្វើឡើងសម្រាប់អ្នកដែលចាញ់ដើម្បីឲ្យគេនៅអាចលេងបន្តបាន។

សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជាបានសម្រេចចិត្តដាក់កីឡាករ ២ក្រុម និងកីឡាការិនី ២ក្រុម ចូលរួមប្រកួតសម្រាប់កីឡាករក្រុមទី១ មានកីឡាករ ឃួន លីហ៊, កីឡាករ កុយ សុភក្ត្រា, កីឡាករ ភាព រ៉ាឃីម និង កីឡាករ គង់ កែវសុខាន់។ ចំពោះក្រុមទី២ មានកីឡាករ ទីវ រដ្ឋា, កីឡាករ ពុត យ៉ុនច័ន្ទដារ៉ា, កីឡាករ វ៉ាន ភារុណ និងកីឡាករ ហេង ស៊ីណា។

ចំពោះកីឡាការិនីទាំង២ក្រុមវិញនោះក្រុមទី១ មានកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក ៣សម័យកាល កីឡាការិនី អ៊ុក ស្រីមុំ, កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា។ រីឯក្រុមទី២ វិញនោះមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, កីឡាការិនី វង ចន្ថា, កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា៕

 

រូបភាព៖ Petanque Cambodia – សហព័ន្ធកីឡាប៉ូលនិងប៉េតង់កម្ពុជា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់