រកឃើញជ័យលាភីការប្រកួតប្រណាំងទូក ឆ្នាំ២០១៩ ក្រោយការប្រណាំង ៣ថ្ងៃ

មាស សុផាណារ៉ុង November 13, 2019


 

ភ្នំពេញ៖ ការប្រកួតប្រណាំងទូក ឆ្នាំ២០១៩ បានបញ្ចប់ទៅដោយភាពជោគជ័យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោ​​ត្ដ​​ម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជា​​ណាចក្រកម្ពុជា កាលពីព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគនៃការប្រណាំងទូកបានឲ្យដឹងថា៖ «ព្រះរាជពិធីប្រណាំងទូករយៈពេលបីថ្ងៃនេះ បានបញ្ចប់ដោយភាពជោគជ័យ និងរលូនជាទីបំផុត បើទោះបីជាទឹកទន្លេសាបទាបជាងឆ្នាំមុខក៏ដោយ ក៏ការប្រណាំងទូកធានាសុខសុវត្ថិភាពគ្មានគ្រោះថ្នាក់ណាមួយកើតឡើង ចំពោះក្រុមកីឡាករ កីឡាការិនី ឡើយពិសេសព្រះរាជពិធីកាត់ព្រ័ត និងចាប់កូនខ្លែងបានប្រព្រឹត្តទៅយ៉ាងល្អ និងមានរបៀបរៀបរយស្រស់ស្អាត។»

លោកបានបញ្ជាក់ថា ក្នុងព្រះរាជពិធីប្រណាំងទូកទាំង ៣ថ្ងៃនេះ គឺបានបានរកឃើញទូកដែលទទួលបានជ័យលាភី ក្នុងនោះសម្រាប់ប្រភេទទូកខ្នាតអន្តរជាតិបុរសចំណាត់ថ្នាក់ ផែនលេខ១ មានចំនួន ១៤ទូក ផែនលេខ២ មាន ៣៥ទូក ផែនលេខ៣ មាន ៣១ទូក និងផែនលេខ៤ មាន ១៤ទូក។ ចំពោះទូកខ្នាតអន្តរជាតិនារី ផែនលេខ១ មានចំនួន ១ទូក ផែនលេខ២ មានចំនួន ១ទូក។ ចំណាត់ថ្នាក់ប្រភេទទូកអុំប្រពៃណីនារី ផែនលេខ១ មានចំនួន ១ទូក ផែនលេខ២ មានចំនួន ២ទូក។ ហើយប្រភេទទូកអុំប្រពៃណីបុរស ផែនលេខ១ មានចំនួន ១១០ទូក ផែនលេខ២ មាន ២៨ទូក ផែនលេខ៣ មាន ១៩ទូក និងផែនលេខ៤ មាន ១៤ទូក។ ប្រភេទទូកចែវនារី ផែនលេខ១ មាន ១ទូក និងផែនលេខ២ មាន ១ទូក។ ប្រភេទទូកចែវបុរស ផែនលេខ១ មាន ៨ទូក ផែនលេខ២ មាន ៨ទូក ផែនលេខ៣ មាន ១២ទូក និងផែនលេខ៤ មាន ៦ទូក។

ចំពោះទូកពិសេស ដែលមានល្បឿនលឿនជាងគេក្នុងរយៈពេលបីថ្ងៃនេះ លេខ១ ទូកលេខ ២២២ ឈ្មោះថា សារាយតេជោសែនជ័យ របស់ខេត្តកណ្តាល ចំណុះ ៧២នាក់ ដែលរយ:ពេល ៣ថ្ងៃ ធ្វើបានក្នុងថិរវេលា ៣០នាទី២៦វិនាទី៤៥, លេខ២ ទូកលេខ២២៣ ឈ្មោះ សម្តេចវិបុលបញ្ញាបារមីមានជ័យ ចំណុះ ៧៤នាក់ របស់ខេត្តតាកែវ ថិរវេលា ៣០នាទី៣៣វិនាទី៧១ និងលេខ៣ ទូកលេខ២៣២ របស់ខេត្តតាកែវដែរគឺទូកឈ្មោះ គីរីវង់សុខសែនជ័យ ចំណុះ ៧៤នាក់ ធ្វើក្នុងថិរវេលា៣០នាទី៤៨វិនាទី៣២។

សម្រាប់ចំណាត់ថ្នាក់ទូកសោភ័ណភាព ឆ្នាំ២០១៩ នេះមានចំនួន ៣ទូកគឺទី១ទូកឈ្មោះ ក្អែកសតេជោសែនជ័យ ពាក់លេខ១៦២ ជាប្រភេទទូកអុំបុរសក្នុងគូពិសេសមកពីរាជធានីភ្នំពេញ។ ទី២ ទូកឈ្មោះ នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ លេខ១៣០ ប្រភេទទូកអុំបុរសក្នុងគូពិសេសមកពីខេត្តបាត់ដំបង និងទី៣ ទូកលេខ២២៨ ឈ្មោះ សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ប្រភេទទូកអុំបុរស ក្នុងគូពិសេស មកពីខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា រាជធានី-ខេត្ត និងស្ថាប័ន ក្រសួង មន្ទីរ ចំនួន ២៥នៅទូទាំងប្រទេសបានបញ្ជូនទូកមកចូលរួមប្រណាំងនៅក្នុងឆ្នាំនេះ មានចំនួន ២៩១ទូក និងមានចំណុះទូកសរុបទាំងបុរសនារីចំនួន ១៩,២១៨នាក់ ក្នុងនោះកម្លាំងអុំបុរសចំនួន ១៥,៤៧១នាក់ កម្លាំងអុំនារី ចំនួន ១៨៤នាក់ កម្លាំងត្រៀមបំរុងបុរស ចំនួន ៣,៤៧០នាក់ និងកម្លាំងត្រៀមនារីចំនួន ៨៩នាក់៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់