ល្បុក្កតោកម្ពុជា ចេញទៅហ្វីលីពីនមុនគេយប់នេះ ដើម្បីហ្វឹកហាត់ និងចូលរួមប្រកួតកីឡាស៊ីហ្គេម

មាស សុផាណារ៉ុង November 9, 2019


 

ភ្នំពេញ៖ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមអត្តពលិកល្បុក្កតោកម្ពុជា ១០នាក់ នឹងទៅធ្វើការហ្វឹកហាត់ នឹងចាប់ផ្ដើមប្រកួតនៅប្រទេសហ្វីលីពីន មុនគេនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នយ៍ ( ស៊ីហ្គេម – SEA Games ) លើកទី៣០ ដែលគ្រោងបើកជាផ្លូវការ នាថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។

មុនថ្ងៃចេញដំណើរកាលពីរសៀលថ្ងៃទី០៨ ម្សិលមិញនេះ ឯកឧត្តម ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធ រួមជាមួយនឹង ឯកឧត្តម កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់ បានរៀបចំពិធីសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នៅក្នុងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

បើតាមការថ្លែងក្នុងពិធីកាលពីម្សិលមិញនោះ ប្រធានសហព័ន្ធរូបនេះបានមានប្រសាសន៍ថា៖ «ជ័យជម្នះអាស្រ័យលើយើង គឺប្រឹងប្រែង តែកុំធ្វេសប្រហែស ព្រោះ Arnis ជាកីឡាជាតិរបស់ហ្វីលីពីន អញ្ចឹងខ្ញុំគិតថា ហ្វីលីពីន មិនអន់ទេ។ យើងត្រូវប្រុងប្រយ័ត្ន តិចគេមកសាកជាមួយយើងល្មមៗ ថាប៉ុណ្ណឹងយើងអាចឈ្នះ បើក្នុងសឹកសង្គ្រាមគេថា កុំអាលមើលងាយ។ អញ្ចឹងសំខាន់ត្រូវទុកកិត្តិយសជាតិជាធំ ព្រោះយើងចេញទៅនេះ ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញថា កម្ពុជាហ៊ឺហារអញ្ចឹង ហ៊ឺហារហឹកហាក់ តែមិនមែនហិនហោចនោះទេ។»

ជាមួយគ្នានេះដែលឯកឧត្តម វ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ផងដែរថា៖ «នេះឱកាសដ៏ល្អ ដើម្បីបន្សាំនឹងការហ្វឹកហាត់ អាកាសធាតុ របបអាហារ និងការស្នាក់នៅជាដើម។ ហេតុនេះលោកបានស្នើឲ្យកីឡាករ-កីឡាការិនីម្នាក់ៗត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ ពិសេសស្វែងយល់ពីបច្ចេកទេសពិសេសៗ ដ្បិតការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកនេះ ពួកគេនឹងត្រូវប្រកួតលើប្រភេទកីឡាយុទ្ធគុនចម្រុះ ឬហៅកាត់ថា Arnis មិនមែនគុនល្បុក្កតោនោះទេ។»

គួរបញ្ជាក់ផងដែរថា អត្តពលិកទាំង ១០រូបដែលត្រូវចេញទៅប្រកួតនោះរួមមាន កីឡាករ ឈឹម សិលា, សុខ ឈុន, ឌិប ង៉ែត, យ៉ង់ ម៉េងលី, មឿន ប៊ុនលី, កីឡាការិនី អេង ស៊ូម៉ាឡា, ខៀវ ចិន្ដ្រារ័ត្ន, យស សញ្ចនា, ស៊ីវន្ដ សូនីតា និងកីឡាការិនី ប៊ូ ចន្ធី។ ក្រៅពីនេះ អ្នកដឹកនាំគឺ លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធ។

ការហ្វឹកហាត់របស់សហព័ន្ធមួយនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា គ្រាដែលការប្រកួតផ្លូវការលើប្រភេទកីឡា Arnis នឹងចាប់ផ្ដើមពីថ្ងៃទី០១-០៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់