ប្រមុខប៉េតង់កម្ពុជា ជួបសំណេះសំណាលលើកទឹកចិត្តអត្តពលិក មុនការប្រកួតជើងឯកប៉េតង់ពិភពលោក មកដល់

មាស សុផាណារ៉ុង November 8, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនី ប៊ូល និងប៉េតង់កម្ពុជា ត្រៀមចូលរួមប្រកួត កីឡាប៊ូល និងប៉េតង់ពិភពលោក យុវជន និងស្ត្រី លើកទី១៧ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ការជួបសំណេះសំណាលនេះធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា នាទីលានប្រកួតកីឡាប៉េតង់តែម្ដង។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖ «ការប្រកួតកាន់តែខិតជិតមកដល់ហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដូច្នេះកីឡាករកីឡាការិនី ត្រូវប្រយ័ត្នប្រយែងការហូបចុក និងថែទាំសុខភាពឲ្យបានល្អ ព្រមទាំងខិតខំហ្វឹកហាត់បន្ថែមទៀត។ ក្នុងនាមជាម្ចាស់ផ្ទះត្រូវស្វាគមន៍ក្រុមភ្ញៀវយ៉ាងកក់ក្តៅ និងត្រូវធ្វើការប្រកួតឲ្យអស់សមត្ថភាពដូចការប្រកួតនៅក្រៅប្រទេសដែរ។»

ជាមួយនឹងការជួបសំណេះសំណាលនេះលោកប្រធានសហព័ន្ធ បានឧបត្ថម្ភដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីក្នុងមួយម្នាក់ទឹកប្រាក់ចំនួន ១លានរៀលផងដែរ។

ការប្រកួតជើងឯកពិភពលោកនេះ (World Women and Junior Petanque Championships ) សម្រាប់កម្ពុជា ក្រុមបុរសមាន ២ក្រុម ដែលក្រុមទី១ មានកីឡាករ ឃួន លីហ៊, កីឡាករ កុយ សុភក្ត្រា, កីឡាករ ភាព រ៉ាឃីម និងកីឡាករ គង់ កែវសុខាន់។ ចំពោះក្រុមទី២ មានកីឡាករ ទីវ រដ្ឋា, កីឡាករ ពុត យ៉ុនច័ន្ទដារ៉ា, កីឡាករ វ៉ាន ភារុណ និងកីឡាករ ហេង ស៊ីណា ព្រមទាំងគ្រូបង្វឹក គ្រូជំនួយចំនួន ៣រូប។

ចំពោះក្រុមនារីវិញក៏មាន ២ក្រុមដូចគ្នា ដោយក្រុមទី១ មានកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក ៣សម័យកាល កីឡាការិនី អ៊ុក ស្រីមុំ, កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា រីឯក្រុមទី២ វិញនោះមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, កីឡាការិនី វង ចន្ថា, កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា ហើយគ្រូបង្វឹក គ្រូជំនួយ ចំនួន ៣រូប៕

 

រូបភាព៖ Sar Sokha

អត្ថបទ៖ វ៉ាន្នី

មតិយោបល់