ថវិកា ៥ពាន់ដុល្លារបានពីការចុះឈ្មោះ ពាក់កណ្ដាលម៉ារ៉ាតុងលើភ្នំបូកគោ បានផ្ដល់ជូនមន្ទីពេទ្យគន្ធបុប្ផា

មាស សុផាណារ៉ុង November 7, 2019


 

ភ្នំពេញ៖ ទឹកប្រាក់ចំនួន ៥ពាន់ដុល្លារ និងទឹកសុទ្ធ ១០០កេស ត្រូវបានផ្ដល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា រួចរាល់ហើយ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា នេះ ដោយថវិការបានមកពីការចូលរួមចុះឈ្មោះរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ កន្លងទៅថ្មីៗនេះ។

ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ គឺត្រូវបានធ្វើឡើងដើម្បីជួយគាំទ្រ និងផ្សព្វផ្សាយសកម្មភាពសប្បុរសធម៍ ជាពិសេសឆ្លុះបញ្ចាំងនូវឆន្ទៈចូលរួមក្នុងស្មារតីសាមគ្គីភាពខ្ពស់ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ផងដែរ។

ប្រធានផ្នែកលក់នៃរមីយដ្ឋានភ្នំបូកគោលោក កែវ សិទ្ធ ឱ្យដឹងថា៖ «លោកឧកញ៉ា សុខ គង់ បានអនុញ្ញាតអោយបង្កើតព្រឹត្តិការណ៍កីឡាសប្បុរសធម៌នេះឡើង ដោយថវិកាដែលប្រមូលបានពីការរត់ប្រណាំង និង ប្រណាំងកង់ទាំងអស់ជួន ដល់មន្ទីរពេទ្យគន្ធបុប្ផា។»

លោកបន្តថា៖ «យើងខ្ញុំជាអ្នករៀបចំកម្មវិធីបានបង្ហាញនូវសេចក្តីសង្ឃឹមម៉ុតមាំថា យើងមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលចំនួនអ្នកចូលរួមបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឆ្នាំនេះបានកើនឡើងដល់១,៦០០នាក់។ យើងខ្ញុំជឿជាក់យ៉ាងខ្លាំងថា ចំនួនអ្នកចូលរួមនឹងបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ»។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ ដែលបង្កើតឡើងដោយ សណ្ឋាគារឋានសួគ៌ សុខា ក្នុងរយៈពេល ២ឆ្នាំមកនេះ បានជួយប្រមូលថវិកាសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផាសរុបបានចំនួន ២៧,៧០០ដុល្លារអាមេរិក៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់