ថ្នាក់ដឹកនាំប៉េតង់កម្ពុជា ដាក់ក្ដីរំពឹងខ្ពស់ក្នុងការការពារតំណែងជើងឯកប៉េតង់ពិភពលោក លើទឹកដីខ្លួនឯង

មាស សុផាណារ៉ុង November 5, 2019


 

ភ្នំពេញ៖ នៅក្នុងពិធីសន្និសិទការសែត កាលពីព្រឹកមិញនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជា ឯកឧត្តម ស សុខា បានបង្ហាញពីជំនឿចិត្តខ្ពស់ ក្នុងការការពារតំណែងជើងឯកពិភពលោក ដែលគ្រោងនឹងរៀបចំនាថ្ងៃទី១៩ ខែ វិច្ឆិកា ខាងមុខនេះ ដោយមាន ៤៩ប្រទេសមកពីជុំវិញពិភពលោកចូលរួមប្រកួតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តីលើកទី ១៧។

លោកបានថ្លែងបែបនេះថា៖ «កីឡាករ ការិនីកម្ពុជាយើង ធ្លាប់លេងនៅលើទីលានមានក្រួសនេះស្រាប់ អ៊ីចឹងមានន័យថា យើងអាចមានភាពងាយស្រួលជាងក្រុមដទៃ ក្នុងការប្រកួតប្រជែង ព្រោះនៅតាមប្រទេសនីមួយៗតារាង ឬទីលានប្រកួតនេះ តម្រូវទៅក្រុមជម្រើសជាតិខ្លួនឯង ឯយើងប្រើក្រួស ហេតុនេះយើងអាចមានសំណាងពី ១០ ទៅ ២០ ភាគរយ ក្នុងការឈ្នះមេដាយលំដាប់ពិភពលោក អាចចន្លោះពីលេខ ១ ទៅលេខ ៣ បាន។»

លោកបន្តទៀតថា៖ «ក្រុមអត្តពលិករបស់យើងផ្ទាល់ គាត់មានការជឿជាក់ច្រើន ប៉ុន្តែកីឡាប៉េតង់នេះ វាមូលដូចបាល់ដែរ ហើយអ្វីដែលមូល គឺវានឹងមិនដូចអ្វី ដែលយើងចង់បាននោះទេ។ ដូចយើងដឹងហើយថា បាល់ទាត់ ពេលទាត់ វាអាចទៅមុខត្រង់បាន ប៉ុន្តែប៉េតង់នេះត្រូវប្រកួតនៅលើដីគន្លិកគន្លាក់ និងមានក្រួស អ៊ីចឹងវាមិនមែនមានន័យថា យើងធ្វើជាម្ចាស់ផ្ទះ គឺយើងអាចដណ្តើមបានមេដាយមាសទាំងអស់នោះទេ។»

គួររំឭកថា ក្រុមប៉េតង់កម្ពុជាត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងទាំង ៨ នៅលើពិភពលោក និងជាក្រុមខ្លាំងប្រចាំនៅអាស៊ី ជាមួយថៃ ហើយការទទួលបានងារជាក្រុមខ្លាំងនេះ ក៏ព្រោះតែក្រុមប៉េតង់កម្ពុជា ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ និងពានកិត្តិយសនៅលើឆាកអន្តរជាតិសឹងតែរាប់ភ្លេចទៅហើយ ជាពិសេសសម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក កន្លងមក ក្រុមប៉េតង់កម្ពុជាធ្លាប់ឈ្នះបានមេដាយមាស ៥ ប្រាក់ ១ និងមេដាយសំរឹទ្ធ ៣ផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់