សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បង្ហាញឈ្មោះអត្តពលិក ត្រូវចូលរួមប្រកួតស៊ីហ្គេម នៅហ្វីលីពីន

មាស សុផាណារ៉ុង November 5, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្ហាញឲ្យដឹងថាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នៅប្រទេសហ្វីលីពីន នាខែក្រោយនេះ ដោយនឹងបញ្ជូនកីឡាករ ៣រូប និងកីឡាការិនី ៤រូប ទៅចូលរួមប្រកួត។

កីឡាករចំនួន ៣រូបនោះមាន ប៊ុន កេន្នី ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងជាកូនខ្មែរកើតនៅប្រទេសបារាំង, កីឡាករ ឱ សារិទ្ធ និងកីឡាករ ឃ្លាំង ពន្លក។ ចំពោះកីឡាការិនីទាំង ៤រូបវិញនោះមាន កាអង់ដ្រេ ដារ៉ាវី ដែលជាកីឡាការិនីកូនកាត់ខ្មែរ-បារាំង កីឡាការិនី គ្រូលីង ហ្គ្រាសអាន់នេហ្វ៊ី (Kruling Grace Anneefe) ជាកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក កីឡាការិនី ស៊ុម ចិន្ដា និងកីឡាការិនី ហូ ស្រីនុច។

សូមបញ្ជាក់ថា កីឡាការិនី កាអង់ដ្រេ ដារ៉ាវី ក្នុងឆ្នាំ២០១៨ មានចំណាត់ថ្នាក់ពិភពលោក វិញ្ញាសាឯកត្តជនលេខ៧៧៩ និងចំណាត់ថ្នាក់វិញ្ញាសាវាយគូលេខ៥៨៩។ កីឡាការិនីរូបនេះ ធ្លាប់ប្រជែងបានមេដាយសំរិទ្ធពីស៊ីហ្គេម។ ចំពោះកីឡាករ ប៊ុន កេន្នី វិញក៏ជាកីឡាករឆ្នើមធ្លាប់រកបានមេដាយសំរិទ្ធពីស៊ីហ្គេមដែរ។

លោក ជា ពៅ ដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថា សម្រាប់កីឡាករនឹងប្រកួតលើវិញ្ញាសាម្នាក់ទល់ម្នាក់ វិញ្ញាសាវាយគូ និងវិញ្ញាសាវាយគូ ចម្រុះ បុរស នារី។ សម្រាប់កីឡាការិនីទាំង ៤រូបក៏ប្រកួតលើ វិញ្ញាសា ម្នាក់ទល់ម្នាក់, វិញ្ញាសា ២នាក់ទល់២នាក់ និង វិញ្ញាសាវាយគូចម្រុះបុរស-នារី៕

 

រូបភាព៖ Tennis Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់