ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ បញ្ចប់ដោយជោគជ័យ

មាស សុផាណារ៉ុង November 4, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតជើងឯកជាតិ ពេញមួយរសៀលថ្ងៃទី០២ ខែវិច្ឆិកា ដោយមានការចូលរួមពីសំណាក់លោកស្រី ញ៉ែម មរកត ដែលជាប្រធានសហព័ន្ធ។

មានក្លឹបចំនួន៥ បានបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួតដែលក្នុងនោះមានក្លិបចំប៉ីស, ក្លិប NewTrend, ក្លិបពន្លកថ្មី, ក្លិបសាលាវ៉េឡាញន៍ទី១ និងក្លិបសាលាវ៉េស ឡាញន៍ទី២។

កីឡាករដែលចូលរួមមានចំនួន ៩រូប និងកីឡាការិនីចំនួន ២១រូប គ្រូបង្វឹក និងប្រតិភូ ចំនួន ៤រូប។ វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន២២ ដោយបែងចែកតាមប្រភេទអាយុដូចជាអាយុក្រោម ១២ឆ្នាំ អាយុក្រោម១៣ឆ្នាំ ដែលចែកចេញជាកម្រិតទី១ និងកម្រិតទី២ ព្រមទាំងវ័យយុវជន ដែលមានកម្រិតទី១ និងកម្រិតទី២ ដែរ។

សូមបញ្ជាក់ថា ក្នុងចំណោមវិញ្ញាសាទាំង២២ នោះចែកចេញជា ៣ប្រភេទ ប្រភេទទី១ វិញ្ញាសា ឯកត្តជន (Solo Dance) ដែលមាន១២វិញ្ញាសា ដែលក្នុងនោះមានរាំចង្វាក់ Ramba, ចង្វាក់ Jive, ចង្វាក់ Paso Doble, ចង្វាក់ Samba និងចង្វាក់ Cha Cha Cha។ ប្រភេទទី២ វិញ្ញាសារាំគូ ដែលមានចង្វាក់ Samba, ចង្វាក់ Cha Cha Cha, ចង្វាក់ Ramba និងចង្វាក់ Paso Doble។ ចំពោះប្រភេទទី៣ ដែលមាន ៣វិញ្ញាសានោះគឺជា វិញ្ញាសារាំគូ Couple Dance, ដែលមានការរាំគូកម្រិត A និងរាំគូកម្រិត B។

លោកស្រី ញ៉ែម មរកត បានមានប្រសាសន៍ថា កីឡារាំពេលនេះកំពុងតែទាក់ទាញចិត្ត យុវជន-យុវនារី បានច្រើន ជាមួយគ្នានេះកីឡារាំបានធ្វើសមាហរណកម្មទៅក្នុងតំបន់ ទ្វីប និងពិភពលោក។

កន្លងមកកីឡារាំកម្ពុជា ដណ្ដើមបានមេដាយពីកម្រិតទ្វីប តំបន់ និងពិភពលោក ហើយនៅពេលខាងមុខនេះ កីឡារាំកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នៅប្រទេសហ្វីលីពីន ផងដែរ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់