កម្មវិធីប្រណាំងម៉ូតូ Kara Cup Race 2016 ទទួលបានការគាំទ្រកាន់តែខ្លាំង
នូ មករា March 28, 2016
ការប្រកួតប្រណាំងម៉ូតូ Kara Cup Race 2016 ដែលទើបតែបានបញ្ចប់កាលពីល្ងាចម្សិលមិញនេះបានទទួលការគាំទ្រ និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ កីឡាករ-កីឡាការិនីចំនួន៤៩រូបបានចំណាយរយៈពេល២ថ្ងៃដើម្បីបង្ហាញនូវសមត្ថភាព និងជំនាញនៃការប្រណាំងម៉ូតូលើផ្ទៃរាបរបស់ខ្លួនក្រោមសម្រែកហ៊ោកញ្ជ្រៀវរបស់ទស្សនិកជនដែលបានឈរប្រជ្រៀតគ្នានៅសងខាងផ្លូវខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ។ សូមបញ្ជាក់ថា ការប្រកួតប្រណាំងម៉ូតូ Kara Cup Race 2016 នេះត្រូវបានបែងចែកជា៤វិញ្ញាសា រួមមានម៉ូតូកែច្នៃដែលមានកម្លាំងម៉ាស៊ីនក្រោម១៣៥សេសេ ម៉ូតូអំប៊្រីយ៉ា ១២៥ ទៅ១៣៥សេសេ ម៉ូតូចង្កឹះលេខ ១១០ សេសេទៅ ១២៥សេសេ និងប្រភេទម៉ូតូអូតូ ១១០ សេសេ ដល់១១៥ សេសេ។ ចំពោះជ័យលាភីវិញចំណាត់ថ្នាក់លេខ១ទទួលបានពាន១ និងប្រាក់រង្វាន់៣០០ដុល្លារ លេខ២ទទួលបាន២០០ដុល្លារ ខណៈដែលលេខ៣ទទួលបានទឹកប្រាក់១០០ដុល្លារផងដែរ។ ក្នុងការប្រកួតនេះដែរ ក៏មានការសម្តែងបច្ចេកទេសជិះម៉ូតូលើផ្ទៃរាប (Stun Show) និងការបង្ហាញរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងផងដែរ៕
អត្ថបទ និងរូបភាព៖ មករា