សូហ្វតិន្នីសកម្ពុជា ឈ្នះមេដាសមាស លើវិញ្ញាសាក្រុមបុរស កម្រិត «B» ពីព្រឹត្តិការណ៍ពិភពលោក នៅចិន

មាស សុផាណារ៉ុង November 2, 2019


 

ភ្នំពេញ៖ លោកឧត្ដមសេនីយឯក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញទទួលស្វាគមន៍ក្រុមកីឡាករសូហ្វតិន្នីសកម្ពុជា ដែលដណ្ដើមបានមេដាសមាស លើវិញ្ញាសាក្រុមបុរស ពីការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក «World Soft Tennis Champions 2019» កម្រិតទី២ នៅទីក្រុង Taizhou ប្រទេសចិន។

ការប្រកួតនេះប្រព្រឹត្តឡើង ៤ឆ្នាំម្តង កាលពីឆ្នាំ២០១៥ កម្ពុជាមិនទទួលបានមេដាយឡើយ សម្រាប់ «World Soft Tennis Champions 2019» លើកទី១៦ កីឡាករសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយមាស ក្នុងការប្រកួតកម្រិត «B»។

លោកឧត្ដមសេនីយឯកបានបន្តទៀតថា ការប្រកួត «World Soft Tennis Champions 2019» មាន ៣២ប្រទេសចូលរួម ពេលចាប់ផ្តើមការប្រកួតកម្ពុជា បានចាញ់ក្រុមកូរ៉េ ហើយត្រូវចុះទៅលេងនៅ កម្រិត «B» ជាមួយ ១៥ក្រុមផ្សេងទៀត ចំណែក ១៦ក្រុមដែលឈ្នះត្រូវបន្តដំណើរចូលជើងឯក កម្រិត «A» ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្ពុជា បានយកឈ្នះឡាវ ទើបធ្វើឲ្យកម្ពុជា ទទួលបានមេដាយមាសលើវិញ្ញាសាក្រុមបុរស។

នេះគឺដូចអ្វីដែលលោកបានអះអាងលោកធ្លាប់បាននិយាយថា សូហ្វតិន្នីសកម្ពុជា ពិតជាខ្លាំងលើវិញ្ញាសាក្រុម។ គ្រប់ការប្រកួតលោកតែងតែរំពឹងថាវិញ្ញាសាក្រុមកម្ពុជាតែងតែ ដណ្ដើមបានលទ្ធផលល្អជានិច្ច។ លោកចាត់ទុកថាជាសមិទ្ធផលថ្មីមួយទៀតរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សម្រាប់ឆ្នាំនេះកាលពីខែមុន គ្រាដែលបានចេញទៅប្រកួតជើងឯកយុវជនអាស៊ី និងជើងឯកសកលវិទ្យាល័យ ក៏ទទួលបានមេដាយសំរិទ្ធ៣គ្រឿង។

សូមបញ្ជាក់ថា ក្រុមអត្តពលិកសូហ្វតេន្នីសកម្ពុជា ចំនួន ១២រូប បានចេញដំណើរទៅកាន់ប្រទេសចិនកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយឯក ជា ប៊ុនហេង ដើម្បីចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកនេះ រយៈពេល៧ថ្ងៃ ពោលគឺពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់