NOCC បើកកិច្ចប្រជុំជាមួយប្រតិភូ គ្រូបង្វឹកទាំង៣០ប្រភេទកីឡា ដែលត្រៀមស៊ីហ្គេម នៅហ្វីលីពីន

មាស សុផាណារ៉ុង November 1, 2019


 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ទៅគ្រូបង្វឹក អគ្គលេខាធិការនៃសហព័ន្ធជាតិទាំង៣០ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី៣០ នៅប្រទេសហ្វីលីពីន ថាចាប់ពីពេលនេះទៅមិនត្រូវនៅឆ្ងាយពីកីឡាករឡើយ។

នេះជាតំណាក់កាលត្រៀមប្រកួតហេតុនេះគ្រូបង្វឹក អគ្គលេខាធិការត្រូវតែនៅតាមដានពីគុណផល ( Perfomance ) សុខភាព ការហ្វឹកហាត់របស់កីឡាករឲ្យបានជាប់ជាប្រចាំ។ ទាំងគ្រូ ទាំងអគ្គលេខាធិការ មិនត្រូវចេញទៅក្រៅប្រទេសឡើយលើកលែងតែមានករណីពិសេសដូចជាដឹកនាំកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតនៅក្រៅប្រទេស។

ស៊ីហ្គេម លើកនេះកម្ពុជាបញ្ជូនកីឡា ចំនួន៣០ប្រភេទ ដែលមានអត្តពលិកជាង ៣០០រូប ក្រៅពីនោះមានមន្ត្រីសម្របសម្រួល និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) ទៅចូលរួមដើម្បីពិនិត្យមើលការរៀបចំ និងស្រាវជ្រាវពីការរៀបចំស៊ីហ្គេមកន្លងមក។

លោកអគ្គលេខាធិការអូឡាំពិកបានបង្ហើបថា៖ «ស៊ីហ្គេមនៅហ្វីលីពីន លើកនេះទំនងជាមិនមែនជាបទពិសោធន៍ល្អសម្រាប់កម្ពុជា។ នៅសល់រយៈពេល៣ខែ គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន ប្ដូរមេដឹកនាំជាហេតុធ្វើឲ្យការងារមួយចំនួននៅរាំងស្ទះ។ សូម្បីតែទីកន្លែងប្រកួតខ្លះនៅធ្វើមិនទាន់ហើយផង។ ស៊ីហ្គេមឆ្នាំនេះគឺជាឆ្នាំយុទ្ធសាស្រ្តហេតុនេះប្រសិនបើសហព័ន្ធណារកមេដាយមិនបានទេនោះគួរតែពិនិត្យមើលខ្លួនឯងឡើងវិញ តើគួរចូលរួមនៅឆ្នាំ២០២៣ ឬទេ? បន្ទាប់ពីប្រកួតចប់ នឹងមានការវាយតម្លៃលើសីលធម៌គ្រូបង្វឹក មន្ត្រីដឹកនាំ កីឡាករ វាយតម្លៃលើលទ្ធផល។»

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្រាប់ទៅគ្រូបង្វឹក និងអគ្គលេខាធិការសហព័ន្ធ បន្ថែមទៀតថា៖ «កុំប្រញាប់ប្រញាល់បញ្ចេញពត៌មានពីរឿងបានទទួលមេដាយពេកប្រយ័ត្នខ្មាសគេ គឺត្រូវរង់ចាំការប្រកាសពីគណៈកម្មការស៊ីហ្គេម ជាមុនសិន ព្រោះគ្រប់អ្នកដែលបានមេដាយត្រូវគេយកទៅធ្វើដូពីង ( ពិនិត្យរកសារធាតុលើកកម្លាំងដែលហាមប្រើក្នុងកីឡា ) ជាមុនសិនទើបមេដាយនោះជា មេដាយផ្លូវការ។ ចំពោះកីឡាករ កីឡាការិនី ដែលជាកូនខ្មែរនៅបរទេសត្រូវប្រញាប់ប្រញាល់ធ្វើលិខិតឆ្លងដែនសញ្ជាតិកម្ពុជា។ ចំពោះគ្រូបង្វឹកបរទេសដែលមកពីបណ្ដាប្រទេសស្ថិតក្នុងបញ្ជីខ្មៅត្រូវប្រញាប់ប្រញាល់ទិដ្ឋាការដល់ពួកគាត់។»

អ្វីៗគណៈកម្មាធិការជាតិបានរៀបចំរួចរាល់អស់ហើយ សូម្បីការចេញដំណើរសំបុត្រយន្ដហោះ ក៏ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ចែងរួចរាល់ចប់សព្វគ្រប់ដែរ។ នៅវេលាម៉ោង ២រសៀល កីឡាករដែលត្រូវចេញទៅស៊ីហ្គេម ត្រូវបាន ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួបសំណេះសំណាលជាមួយ បន្ទាប់មកនៅវេលាម៉ោង ៤រសៀល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់