មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង សាងសង់បាន ៣០ភាគរយហើយ

មាស សុផាណារ៉ុង November 1, 2019


 

ខេត្តបាត់ដំបង៖ ការសាងសងមណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង គិតមកដល់ពេលនេះទទួលបានលទ្ធផល ៣០ភាគរយ បន្ទាប់ពីបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងដោយ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងបានបុកគ្រឹះ និងចាក់បាតអាងរួចរាល់ហើយ ចំណែកប្រព័ន្ធទុយោខាងក្រោមអាងក៏ហើយដែរ ស្ថានភាពនៃការសាងសង់ល្អខ្លាំងណាស់ ដោយសារតែដីនៅទីនោះអំណោយផល និងអាកាសធាតុល្អទៀតអាចធ្វើការទាន់ពេលវេលាកំណត់។ សម្រាប់ការចុះទៅលើកនេះ គឺដើម្បីត្រួតពិនិត្យទំហំខ្នាត និងសម្ភារបរិក្ខារឲ្យត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។»

សូមបញ្ជាក់ថា «មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង» សាងសង់ឡើងលើផ្ទៃដីទំហំ ១១២ម៉ែត្រគុណ៦៥ម៉ែត្រ ប្រើរយៈពេលសាងសង់ ២៤ខែ ដោយគ្រោងប្រើថវិកាប្រមាណ ២,០០០,០០០ដុល្លារអាមេរិក។

អាងហែលទឹកនេះសាងសង់ឡើងតាមស្តង់អន្តរជាតិ ដែលមានក្រឡាផ្ទៃអាង បណ្តោយ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឲ្យកីឡាករ-កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅខេត្តបាត់ដំបង ធ្វើការហ្វឹកហាត់កីឡាហែលទឹក។

លោក ហែម គិរី បានបញ្ជាក់ថា ការសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិឌ្ឍន៍ និងបណ្តុះបណ្តាលកីឡាករ-កីឡាការនី ឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2023 ) នាពេលខាងមុខនេះ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់