ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០១៩ បញ្ចប់ដោយជោគជ័យ

មាស សុផាណារ៉ុង October 31, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិ ឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី២៨ ខែតុលា មកនោះបានបញ្ចប់ជាផ្លូវការហើយនៅល្ងាចថ្ងៃទី៣០ ខែតុលា នាពហុកីឡដ្ឋានជាតិ។

ប្រការដែលគួរឲ្យចាប់អារម្មណ៍នោះគឺការប្រកួតបានបែងចែកចេញជា ២ប្រភេទអាយុគឺ ប្រភេទអាយុក្រោម១៨ឆ្នាំ មាន ១៤វិញ្ញាសា គឺបុរស ៧វិញ្ញាសា និងនារី ៧វិញ្ញាសា។ អាយុ១៨ឆ្នាំ ឡើងមាន១២វិញ្ញាសាគឺ បុរស មាន ៦វិញ្ញាសា និងនារី ៦វិញ្ញាសា ដែរសរុបទាំងអស់មាន ២៦វិញ្ញាសា។

មាន ១៤សមាគម ក្លិប/រាជធានី/ខេត្ត និងសាលា ចូលរួមដែលមានកីឡាករ-កីឡាការិនី ចំនួន ១៥៥នាក់ ក្នុងនោះកីឡាការិនីចំនួន ៦៣រូប ចូលរួម។

ជាលទ្ធផល សមាគមកីឡាក្រសួងការពារជាតិ ប្រជែងបានមេដាយច្រើនជាងគេគឺ តាមពីក្រោយដោយ រាជធានីភ្នំពេញ និងខេត្តកំពត ព្រៃវែង និង កំពង់ឆ្នាំងដែលរកបាន មេដាយមាសចំនួន៣គ្រឿងដូចគ្នា។

លទ្ធផលមេដាយសរុបមានដូចខាងក្រោម៖

  • សមាគមកីឡាក្រសួងការពារជាតិ បានមេដាយមាស ៦គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ ២គ្រឿង
  • រាជធានីភ្នំពេញ បានមេដាយមាស ៤គ្រឿង ប្រាក់ ៥គ្រឿង និងសំរិទ្ធ ១គ្រឿង
  • ខេត្តកំពត រកបានមេដាយមាស ៣គ្រឿង ប្រាក់ ៦គ្រឿង និងសំរិទ្ធ ១គ្រឿង
  • ខេត្តព្រៃវែង រកបានមេដាយមាស ៣គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ ៥គ្រឿង
  • ខេត្តកំពង់ឆ្នាំង រកបានមេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ៤គ្រឿង

សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកទ្រទ្រង់ថវិកា រួមជាមួយនឹងការជួយមួយផ្នែករបស់ផ្នែកឯកជន។ លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡានៃក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចូលរួមបំពាក់មេដាយក្នុងពិធីបិទការប្រកួតនេះ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់