អតីតកីឡាជម្រើសជាតិអត្តពលកម្មកម្ពុជា ង៉ែត​ ភារ័ត្ន ដែលធ្លាប់ចូលរួមជើងឯកពិភពលោក ២ដងធ្វើអត្តឃាតកាលពីម្សិលមិញ

មាស សុផាណារ៉ុង October 31, 2019


 

ភ្នំពេញ៖ អតីតកីឡាជម្រើសជាអត្តពលកម្មកម្ពុជា ង៉ែត ភារ័ត្ន បានចងកធ្វើអត្តឃាតនៅក្នុងផ្ទះជួលរបស់ខ្លួនកាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៣០ ខែតុលាម្សិលមិញនេះ។

ង៉ែត ភារ័ត្ន កាលពីពេលប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៥ នៅចិន

យ៉ាងណាមិញចំពោះមូលហេតុនៃការឈានទៅដល់ការធ្វើអត្តឃាត មិនមាននរណាដឹងពីមូលហេតុច្បាស់លាស់ឡើយ ប៉ុន្តែបើតាមការអះអាងពីអ្នកដែលធ្លាប់ស្គាល់ថា យុវជនរូបនេះទំនងជាមានវិបត្តិផ្លូវចិត្ត។

គេនៅចាំបានថានៅវេលាព្រលប់ថ្ងៃទី៣០ ខែតុលា ក្នុងពិធីបិទការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩ គេបានឃើញអតីតកីឡាករជម្រើសជាតិរូបនេះមកជួយបំពេញការងារក្នុងឋានៈជាមន្ត្រីបច្ចេកទេសព្រោះបន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ និងបញ្ចប់ការសិក្សាជាគ្រូអប់រំកាយ និងកីឡារួចមក រូបគេបានក្លាយជាមន្ត្រីនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាផងដែរ។

តាមសាក្សីបានលើកឡើងថា ដំបូងឡើយគេបានឃើញ សុភារ័ត្ន ជិះម៉ូតូធន់ធំពណ៌ក្រហម មកដល់បន្ទប់ជួលរបស់សង្សា ប៉ុន្តែបន្ទប់ចាក់សោរពីខាងក្រៅ ខណៈពេលនោះជនរងគ្រោះបានអារសោររួចចូលទៅក្នុងបន្ទប់យកស្រាបៀរមកផឹកអស់ ២ទៅ៣ កំប៉ុងហើយក៏បានស្ងាត់បាត់ឈឹងតែម្តង។ ក្រោយមកម្ចាស់ផ្ទះជួលបានមកអើតមើលក្នុងបន្ទប់ស្រាប់តែឃើញរូបគេបានស្លាប់បាត់បង់ជីវិតក្នុងសភាពចងកបាត់ទៅហើយ។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញកោសល្យវិច័យបានពិនិត្យរួចសន្និដ្ឋានថា ករណីនេះពិតជាការធ្វើអត្តឃាតរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។

ង៉ែត ភារ័ត្ន កាលពីខែកក្កដា ឆ្នាំ២០១៩

សូមបញ្ជាក់ថា ង៉ែត ភារ័ត្ន បានស្នាក់នៅក្នុងបន្ទប់ជួលមួយនាផ្លូវបេតុង ក្នុងភូមិព្រែកខ្វិត សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបគេមានអាយុ ២៦ឆ្នាំ មានមុខរបរជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមានស្រុកកំណើត នៅភូមិកំពង់បឹង ឃុំកំពង់លាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

គួរដឹងផងដែរថា ង៉ែត​ ភារ័ត្ន ក៏ធ្លាប់បានចូលរួមប្រកួតជើងឯកអត្តពលកម្មពិភពលោកចំនួន ២លើកផងដែរចាប់តាំងពីចាប់អាជីពមក ពោលគឺនៅឆ្នាំ២០១៥ នៅប្រទេសចិន និងនៅឆ្នាំ២០១៧ នៅចក្រភពអង់គ្លេស ប៉ុន្តែពុំទទួលបានជោគជ័យឡើយ៕

 

រូបភាព៖ gettyimages | Pedro Ugarte

អត្ថបទ៖ វ៉ាន្នី

មតិយោបល់