៣០ថ្ងៃគត់ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន នឹងមកដល់

មាស សុផាណារ៉ុង October 30, 2019


 

ហ្វីលីពីន៖ នៅសល់រយៈពេល ១ខែគត់ទៀត ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( Southeast Asian Games ) នៅប្រទេសហ្វីលីពីន នឹងចូលមកដល់ដែលលើកទី៣០ ជាមួយនឹងការចូលរួមពីប្រទេសក្នុងតំបន់ទាំង១០ បូក១។

ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយនឹងបញ្ចប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយនេះក៏ជាលើកទី៤ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ លើកទី១ នៅឆ្នាំ១៩៨១ ដែលកម្ពុជា នៅមិនទាន់បានចូលរួមនៅឡើយ លើកទី២ ឆ្នាំ១៩៩១ លើកទី៣ ឆ្នាំ១០០៥ និងលើកទី៤ ឆ្នាំ២០១៩ នេះតែម្ដង។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នេះ ធ្វើឡើងក្រោមបាវចនា «យើងឈ្នះជារួម – We Win As One» ជាមួយនឹងកីឡាដែលដាក់ឲ្យប្រកួតមានចំនួន ៥៦ប្រភេទ លើ ៥៣០វិញ្ញាសា នោះគេបានរំពឹងទុកជាមុនថានឹងមានអត្តពលិកចូលរួមចំនួន ៩,៨៤០នាក់។

មានរហូតដល់ ៥៦ប្រភេទកីឡាដាក់ឲ្យប្រកួតនេះ ត្រូវបានចាត់ទុកថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងមួយនេះ មានប្រភេទកីឡាប្រកួតច្រើនជាងគេពុំធ្លាប់មានចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៩ មក។

ចំពោះ កម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ចំនួន ៣០ប្រភេទ ដែលត្រូវប្រកួតលើ ១៧៦វិញ្ញាសា ស្មើនឹងប្រតិភូ និងកីឡាករការិនី ចំនួន ៤០០នាក់។

ចុចអាន៖ អត្ថបទប្រភេទកីឡាទាំង ៣០ ដែលកម្ពុជា បញ្ជូនទៅចូលរួមស៊ីហ្គេមនៅហ្វីលីពីន 

ម្ចាស់ផ្ទះហ្វីលីពីន បានសម្រេចយកការធ្វើពិធីបើកនៅក្នុងកីឡដ្ឋានក្នុងសាល ដែលជារឿងប្លែកថ្មីមួយនៅក្នុងកីឡាប្រចាំតំបន់មួយនេះ រៀបចំកន្លងៗមកប្រើប្រាស់តែកីឡដ្ឋានខ្នាតធំទូលាយ និងផ្ទុកទស្សនិកជនរាប់ម៊ឺននាក់ សម្រាប់ពិធីបិទ នឹងធ្វើឡើងនៅកីឡដ្ឋានថ្មីនេះ New Clark City ដែលកំពុងដំណើរសាងសង់ស្ទើរបញ្ចប់ ១០០ភាគរយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( Southeast Asian Games ) លើកទី២៩ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ម៉ាឡេស៊ី អាចរកមេដាយបានសច្រើនជាងគេ ក្នុងនាមជាម្ចាស់ផ្ទះ ពោលគឺ ៣២៣មេដាយ ក្នុងនោះ មាស ១៤៥, ប្រាក់ ៩២ និងសំរិទ្ធ ៨៦គ្រឿង ខណៈកម្ពុជា ឈរនៅលេខ៨ ដោយរកមេដាយបាន ១៧គ្រឿង ក្នុងនោះមាស ៣, ប្រាក់ ២ និងសំរឹទ្ធិ ១២គ្រឿង៕

មេដាយរួមកាលពីឆ្នាំ២០១៧៖

 

រូបភាព៖ New Clark City Flyers | Philstar | 2019seagames

អត្ថបទ៖ ណារ៉ុង

មតិយោបល់