អត្តពលិកហែលទឹកកម្ពុជា ២រូប ត្រៀមចេញទៅបោះជំរុំហ្វឹកហាត់រយៈពេល១០ថ្ងៃ នៅប្រទេសកាតា

មាស សុផាណារ៉ុង October 29, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនគ្រូបង្វឹកមួយរូប កីឡាករមួយរូប និងកីឡាការិនីមួយរូប ទៅចូលរួមការបោះជំរុំហ្វឹកហាត់រយៈពេល១០ថ្ងៃ នៅទីក្រុងដូហា ប្រទេសកាតា ដើម្បីកម្តៅសាច់ដុំត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES 2019 ) លើកទី៣០ ប្រទេសហ្វីលីពីន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា សហព័ន្ធនឹងបញ្ជូនពួកគេទាំង ៣នាក់ ទៅបោះជំរុំហ្វឹកហាត់តាមការកំណត់របស់ គណៈកម្មាធិការអូឡាំពិកអាស៊ី សហការជាមួយសហព័ន្ធហែលទឹកពិភពលោក ដែលកម្ពុជាធ្លាប់ចូលរួមជាច្រើនលើកមកហើយ។

សម្រាប់លើកនេះសហព័ន្ធនឹងបញ្ជូន លោកគ្រូ នាង សូរិទ្ធិយ៉ា, កីឡាករ អ៊ូង លីហេង និងកីឡាការិនី សុខ វរល័ក្ខណ ការបោះជំរំហ្វឹកហាត់នេះមានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នឹងចេញដំណើរពីប្រទេសកម្ពុជានាថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ សម្រាប់ការបោះជំរំមានកីឡាករ-កីឡាការិនី មកពីបណ្តាប្រទេសនៅអាស៊ីទាំងអស់ក្រោយពីបញ្ចប់ការបោះជំរំ នឹងធ្វើការប្រកួតដើម្បីសាកល្បងសមត្ថភាព និងបច្ចេកទេសជាមួយកីឡាករកីឡាការិនីគ្រប់ប្រទេសដែលចូលរួមផងដែរ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់