រកឃើញជើងឯកអុកចត្រង្គ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ពីចំណោមកីឡាករ ៣៩នាក់ ចូលរួមប្រកួត

មាស សុផាណារ៉ុង October 28, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានធ្វើការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅថ្ងៃទី២៧ ខែតុលា ដោយមានកីឡាករចូលរួមចំនួន៣៩រូប ដែលសុទ្ធតែជាជើងខ្លាំងប្រចាំរាជធានី-ខេត្ត និងជាអតីតស្ដេចអុក និងជើងឯករងជាច្រើនរូប។

លោក គ្រួច ចន្ថារិទ្ធ ដែលជាគ្រូធំប្រចាំសហព័ន្ធបានឲ្យដឹងថា ជើងខ្លាំងដែលចូលរួមមាន ឈាវ បូរា ដែលជាស្ដេចអុកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ២ជំនាន់ គឺឆ្នាំ២០១៤ និង២០១៥ ឆយ វីរ៉ា ស្ដេចអុកឆ្នាំ២០១០ ប៊ិន គាសេង ស្ដេចអុកឆ្នាំ២០១៧, សុខ ភារ៉ា ជើងឯករងឆ្នាំ២០១០, ម៉េង សេរីសម្បត្តិ លេខ២បុណ្យសមុទ្រឆ្នាំ២០១៨, សុខ លឹមហេង លេខ១ អង្គរសង្ក្រាន្ដឆ្នាំ២០១៨, សំ សុភី លេខ១ ប្រកួតនៅវិមានឈ្នះ ឈ្នះ,  ប៊ូ ប៉ុណ្ណាលីកា ជើងឯកជាតិឆ្នាំកម្លងមក និងបណ្ដាជើងខ្លាំងជាច្រើនទៀត។

រូបតំណាង កាលពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៤

ការប្រកួតចែកចេញជា ៨ពូល ដែលមានតែមួយពូលប៉ុណ្ណោះដែលមាន ៤រូប ឯពូលក្រៅពីនេះមាន ៥រូប។ ពូលនីមួយៗជម្រុះទុកតែ២រូប ជម្រុះជុំទី១នៅសល់ ៨រូបដែល ៨រូបនោះជម្រុះទុក ៤រូបដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯក ឯអ្នកចាញ់ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣។

បញ្ចប់ការប្រកួតចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ សុខ លឹមហេង មកពីក្លឹបសេះខៀវ ដែលប្រកួតរហូតដល់ក្ដារទី២ ទើសម្រេចបានជ័យជំនះលើកីឡាករជើងចាស់ រស់ រិទ្ធីយ៉ា ក្លឹបគ្រូបារាំងប៊ូលឌីង។

សូមបញ្ជាក់ថាកីឡាករ សុខ លឹមហេង ជាកីឡាករដែលជាប់ចំណាតថ្នាក់លេខ១ នៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០១៨ ឯកីឡាករ រស់ រិទ្ធីយ៉ា ជាកីឡាករចំណាត់ថ្នាក់លេខ១ ជម្រើសជាតិ។ អ្នកបានចំណាត់ថ្នាក់លេខ១ ទទួលបានរង្វាន់ ១,២០០,០០០រៀល ចំពោះលេខ២ បាន ១,០០០,០០០រៀល។ ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ឆយ វីរ៉ា ក្លឹបសេះខៀវ និងធ្លាប់គ្រងតំណែងស្ដេចអុក ឆ្នាំ២០១០ ក្រោយប្រកួតឈ្នះកីឡាករ គុជ ពិសិដ្ឋ ក្លឹបគ្រូបារាំងប៊ូលឌីង ចំណាត់ថ្នាក់ លេខ៣ ទទួលបានរង្វាន់ចំនួន ៨០០,០០០រៀល និងលេខ៤ បានរង្វាន់លើកទឹកចិត្ត ៦០០,០០០ រៀលដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា COF

អត្ថបទ៖ វ៉ាន្នី

មតិយោបល់