ក្រុមប៉េតង់ក្រសួងការពារជាតិ ក្លាយជាជើងខ្លាំង ក្នុងពានសម្ដេចស ខេង ៣ឆ្នាំជាប់គ្នា

មាស សុផាណារ៉ុង October 25, 2019


 

ភ្នំពេញ៖ នេះជាឆ្នាំទី៣ដែលក្រុមកីឡាប៉េតង់កម្ពុជារបស់ក្រសួងការពារជាតិ បានគ្រងជើងឯកពានរង្វាន់សម្ដេចស ខេង ខណៈដែលឆ្នាំនេះ គឺជាឆ្នាំដែលក្រសួងការពារជាតិ ត្រូវយកពាននេះទៅគ្រប់គ្រងផ្ដាច់មុខរបស់ខ្លួនតែម្ដង។

ក្រុមកីឡាករក្រសួងការពារជាតិដែលគ្រងជើងឯកនោះ គឺមាន កីឡាករ សុខ ចាន់មាន, សុខ ចាន់ម៉ុល, យឹម សុភ័ណ្ឌ, និង កីឡាករ អៀត សុផាត លើវិញ្ញាសា ៣នាក់ទល់៣នាក់ពានធំ ក្រោយយកឈ្នះសមាគមកីឡាប៉េតង់តាកែវ (ខាន់ សុខា, ហេង មុន្នី, អន វ៉ានវណ្ណី, ចាន់ សោភ័ណ្ឌ) នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាការគ្រងជើងឯក ៣ឆ្នាំជាប់គ្នារបស់ក្រសួងការពារជាតិ បន្ទាប់បានគ្រងពាននេះនៅឆ្នាំ២០១៧ និង២០១៨។ ចំណែកក្រុមសេនារាជសីហ៍ក្រុម១ ទទួលបានចំណាត់ថ្នាក់លេខ៣។

ជាមួយនឹងពិធីបិទការប្រកួតកាលពីពេលថ្មីៗកន្លងទៅ នៅទីលានដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ នោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ បានថ្លែងថា បានវាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំពានរង្វាន់សម្តេច ស ខេង ក៏ដូចជាសមត្ថភាពរបស់កីឡាករ កីឡាការិនី ដែលចូលរួមនៅឆ្នាំនេះ។ លោកបានអះអាងថា សមត្ថភាពកីឡាករកីឡាការិនីមានកើនឡើង គួរឲ្យកត់សម្គាល់បើធៀបនឹងការប្រកួតកន្លងមក ពិសេសយុវជនមកពីតាមបណ្តាខេត្តនានា។

លោកបន្តថា៖ «គោលបំណងនៃការរៀបចំពានរង្វាន់សម្តេច ស ខេង គឺដើម្បីផ្តល់ឱកាសឲ្យយុវជនមកពីតាមបណ្តាខេត្តនានា បានបង្ហាញសមត្ថភាព ដែលពួកគេបានហ្វឹកហាត់កន្លងមក។ ការប្រកួតនេះ ក៏ធ្វើឡើងដើម្បីសម្លឹងរកកីឡាករមានសមត្ថភាព និងទេពកោសល្យ សម្រាប់ប្រមូលផ្តុំក្នុងក្រុមយុវជនថ្នាល និងជម្រើសជាតិផងដែរ។ ជាពិសេស ដើម្បីពង្រឹងនិងវាស់ស្ទង់សមត្ថភាពកីឡាករកីឡាការិនី មន្ត្រីបច្ចេកទេស សម្រាប់ត្រៀមការប្រកួតជើងឯកពិភពលោកយុវជន និងស្ត្រី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅអំឡុងខែវិច្ឆិកា ខាងមុខ។

អនុរដ្ឋលេខាធិការរូបនេះបន្ថែមថា៖ «យើងឃើញហើយក្នុងការប្រកួតលើវិញ្ញាសា៣នាក់ទល់៣នាក់កម្រិតយុវជន គឺក្រុមយុវជនមកពីខេត្តកណ្តាលមានអាយុចន្លោះពី១៥ទៅ១៦ឆ្នាំទេ ក្មេងមែនទែន តែពួកគេអាចយកឈ្នះក្រុមកីឡាករ ដែលកំពុងប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ។ នេះមានន័យថា ការដាក់ទុនរបស់យើងកន្លងមក ទទួលបានផលមួយ ដែលអាចទទួលយកបាន»៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់