កីឡាគុនដាវកម្ពុជា ១៧រូប ចេញទៅប្រកួតជើងឯកទ្វីបអាស៊ី អាយុក្រោម២៣ឆ្នាំ នៅថៃ

មាស សុផាណារ៉ុង October 23, 2019


 

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ កីឡាករ-កីឡាការិនីគុនដាវកម្ពុជា ចំនួន ១៧រូប បានចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ី សម្រាប់ប្រភេទអា យុក្រោម២៣ឆ្នាំ។

ព្រឹត្តិការណ៍នេះចាប់ផ្ដើមប្រកួតពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដោយកម្ពុជាបញ្ជូនកីឡាករចំនួន ១៣រូប និងកីឡាការិនី ៤រូប ទៅចូលរួមប្រកួត លើវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន ១០វិញ្ញាសា ដែលរួមមាន វិញ្ញាសាដាវតូច, ដាវធំ, ដាវកាប់, ការប្រកួតជាក្រុម និងឯកត្តជន រួមជាមួយវិញ្ញាសាដទៃទៀតជាច្រើន ។

លោក សុខ អាង ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាគុណដាវកម្ពុជា បានចាត់ទុកថា៖ «នេះជាការប្រកួតមួយដែលសំខាន់។ តាមពិតទៅកម្ពុជាមិនសង្ឃឹមថានឹងដណ្ដើមបានមេដាយនោះទេព្រោះនេះជាការប្រកួតកម្រិតទ្វីប ដែលមានប្រទេសចំនួន ៤២ក្នុងទ្វីបអាស៊ីចូលរួម។ ព្រឹត្តិការណ៍ធំបែបនេះកម្ពុជាត្រូវតែចូលរួមដើម្បីមានឱកាសប្រកួតជាមួយកីឡាករ-កីឡាការិនី ខ្លាំងៗក្នុងទ្វីបអាស៊ី មុនពេលកម្ពុជាចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។»

សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាបានចូលរួមប្រកួតចំនួន ៤លើក រួចមកហើយទាំងលើកនេះ ហើយនេះជាកាតព្វកិច្ចរបស់កម្ពុជា ក្នុងឋានៈសមាជិកសហព័ន្ធកីឡាគុនដាវទ្វីបអាស៊ី។

លោក សុខ អាង បញ្ជាក់ថាសម្រាប់ប្រភេទកីឡាគុនដាវនេះក្នុងទ្វីបអាស៊ី កូរ៉េ និងជប៉ុន ជាប្រទេសដែលខ្លាំងជាងគេ ប្រទេសទាំងពីរនេះមិនត្រឹមតែខ្លាំងក្នុងទ្វីបអាស៊ីប៉ុណ្ណោះទេ តែជាប្រទេសដែលខ្លាំងនៅក្នុងពិភពលោកទៀតផង។ លោកអគ្គលេខាធិការបន្តថា បើមានព្រឹត្តិការណ៍ធំៗបែបនេះលោកនឹងបញ្ជូនកីឡាករ-កីឡាការិនិ ឲ្យទៅចូលរួមរហូតព្រោះគោលដៅសំខាន់គឺ ដើម្បីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

 

រូបភាព៖ Fencing Federation of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់