កីឡារាំកម្ពុជា ឈ្នះមេដាយ៣គ្រឿង ពីការប្រកួតកីឡារាំ Taipei Open 2019 នៅទីក្រុងតៃប៉ិ

មាស សុផាណារ៉ុង October 22, 2019


 

ភ្នំពេញ៖ កីឡាករ-កីឡាការិនីរាំកម្ពុជា បានមកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី២២ ខែតុលា ជាមួយមេដាយ ៣គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡារាំ Taipei Open 2019 នៅទីក្រុងតៃប៉ិ។

ព្រឹត្តិការណ៍នេះសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនប្រតិភូ ចៅក្រម កីឡាករ កីឡាការិនី ចំនួន ៧នាក់ចូលរួម ដោយបានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

អ្នកស្រី ហង្ស ស៊ីមន ជាអគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូបានឲ្យដឹងថា ការប្រកួតនេះមានប្រទេសចំនួន ១៧ចូលរួម និងកីឡាករ-កីឡាការិនី ជាច្រើននាក់មកពីគ្រប់ជុំវិញពិភពលោក។ អ្នកស្រីបន្ដថា អ្នកចូលរួមប្រកួតសុទ្ធតែខ្លាំងៗ តែកម្ពុជាធ្វើបានល្អដោយប្រជែងបានមេដាយ មាស ១គ្រឿង និងប្រាក់ ២គ្រឿង។

កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា បានទទួលមេដាយមាស ១គ្រឿង ចំណាត់ថ្នាក់លេខ១ ក្នងការប្រកួត ADSF Asain Adult Open Latin Dance 2019 និងមេដាយប្រាក់ ២គ្រឿង ក្នុងការប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble និងចំណាត់ថ្នាក់ លេខ៤ ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019។

កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា បានទទួលចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារាំអាស៊ី ADSF Single Dance Jive និងទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងកាប្រកួត Youth U21 & Youth Open Grade C Latin Dance៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់