សមាគមវាយសីក្រសួងមហាផ្ទៃ ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ការប្រកួតវាយសីជើងឯកថ្នាក់ជាតិ

មាស សុផាណារ៉ុង October 22, 2019


 

ភ្នំពេញ៖ ការប្រកួតវាយសីជើងឯកជាតិ ឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី១៩ មកនោះបានបញ្ចប់ហើយនៅព្រលប់ថ្ងៃទី២១ ខែតុលា ដោយមានការចូលរួមពី ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនេះ។

ក្នុងចំណោមសមាគម/ក្លិប ចំនួន១៨ ដែលចូលរួមនោះមានកីឡាករចំនួន ១៤៧នាក់ កីឡាការិនីចំនួន ៣១នាក់។ ការប្រកួតរយៈពេល ៣ថ្ងៃនេះ មានចំនួន ១៨២ប្រកួត សមាគមវាយសីក្រសួងមហាផ្ទៃ ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ដោយប្រជែងបានមេដាយមាសចំនួន ៤គ្រឿង និងមេដាយប្រាក់ចំនួន ៣គ្រឿង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចំណាត់ថ្នាក់លេខ២ ដោយរកបានមេដាយមាសចំនួន ៣គ្រឿង និងមេដាយប្រាក់ចំនួន ៣គ្រឿង។ ខេត្តកំពង់ឆ្នាំង បានចំណាត់ថ្នាក់លេខ៣ ដោយរកបានមេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងខេត្តកំពង់ចាម បានមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ១គ្រឿង។

លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការស្ដីទីបានអះអាងក្រោយចប់ការប្រកួតថា ឆ្នាំនេះការប្រកួតមិនមានការតវ៉ាឡើយ ព្រោះកីឡាករយល់ពីបទបញ្ជានៃការប្រកួត។

លោកឧត្តមសេនីយ៍ឯក លី កុសល បានបញ្ជាក់ថា៖ «ចាប់ពីពេលនេះទៅសហព័ន្ធនឹងកំណត់ពីចំណាត់ថ្នាក់ (Ranking) កម្រិតជាតិដល់កីឡាករ-កីឡាការិនី ទាំងអស់ដើម្បីងាយស្រួល នៅពេលចេញទៅប្រកួតនៅក្រៅប្រទេស គេនឹងដឹងពីចំណាត់ថ្នាក់កម្រិតជាតិរបស់យើងផងដែរ»៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់